(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មេបញ្ជាការយោធាជើងទឹកអ៉ីរ៉ង់ បានអះអាងថា កងកម្លាំងរបស់ខ្លួនបានបង្ខំឱ្យនាវាមុជទឹកអាមេរិក ផុសងើបមកលើផ្ទៃទឹក ស្របពេលដែលវាធ្វើដំណើរចូលមកក្នុងតំបន់ឈូងសមុទ្រពែរ្ស ប៉ុន្តែកងកម្លាំង Fifth Fleet របស់យោធាជើងទឹកអាមេរិក បានចេញមុខបដិសេធថា ពុំមានឧប្បត្តិហេតុយ៉ាងដូច្នោះ កើតឡើងនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។
ខាងអ៉ីរ៉ង់បានអះអាងយ៉ាងដូច្នេះថា «នាវាមុជទឹកអាមេរិកមួយគ្រឿង បានធ្វើដំណើរដោយស្ងាត់ៗនៅក្រោមផ្ទៃទឹក ប៉ុន្តែនាវាមុជទឹកអ៉ីរ៉ង់ Fateh ចាប់បានសញ្ញាវា ហើយក៏ធ្វើសកម្មភាពដែលបង្ខំឱ្យនាវាមុជទឹកអាមេរិកនោះ ត្រូវងើបឡើងមកលើផ្ទៃទឹក ខណៈដែលវាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលស្ថិតនៅចន្លោះ ឈូងសមុទ្រអូម៉ង់និងឈូងសមុទ្រពែរ្ស។ នាវាមុជទឹកអាមេរិក ក៏បានទន្ទ្រានចូលក្នុងដែនទឹករបស់យើងផងដែរ ប៉ុន្តែវាបានកែតម្រូវគន្លងធ្វើដំណើរវិញ ក្រោយទទួលការព្រមាន»។
យ៉ាងណាក្តី កងកម្លាំង Fifth Fleet របស់យោធាជើងទឹកអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន បានច្រានចោលការអះអាងរបស់ទីក្រុងតេហេរ៉ង់ ដោយចាត់ទុកវាថាជា ការបំភ្លៃព័ត៌មាន។ មេបញ្ជាការកងកម្លាំង Fifth Fleet បាននិយាយយ៉ាងដូច្នេះថា «ពុំមាននាវាមុជទឹកអាមេរិកណាមួយ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃនេះ ឬក៏កាលពីពេលថ្មីៗនេះឡើយ។ ការអះអាងនោះ បង្ហាញចេញនូវការបំភ្លៃព័ត៌មានបន្ថែមទៀតរបស់អ៉ីរ៉ង់ ដែលមិនបានចូលរួមចំណែកទាល់តែសោះ ចំពោះសន្តិសុខនិងស្ថិរភាព ដែនសមុទ្រក្នុងតំបន់»។ ក្នុងខែមេសានេះ យោធាជើងទឹកអាមេរិកបានប្រកាសថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង ឈ្មោះ Florida កំពុងធ្វើប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ា ដើម្បីគាំទ្រដល់កងកម្លាំង Fifth Fleet។
គួរបញ្ជាក់ថា កងកម្លាំងអ៉ីរ៉ង់និងអាមេរិក ធ្លាប់បានប្រឈមមុខគ្នាជាច្រើនលើក កាលពីពេលកន្លងមក។ តួយ៉ាងកាលពីដើមខែមេសានេះ យោធាជើងទឹកអ៉ីរ៉ង់បានអះអាងថា ខ្លួនបានប្រទះឃើញនិងព្រមានយន្តហោះឈ្លបការណ៍អាមេរិក១គ្រឿង នៅក្បែរឈូងសមុទ្រពែរ្ស។ ចំណែកកាលពីឆ្នាំ២០១៩ អ៉ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក១គ្រឿង ដែលខ្លួនទីក្រុងតេហេរ៉ង់អះអាងថា បានហោះហើរនៅលើភាគខាងត្បូងប្រទេសអ៉ីរ៉ង់៕