(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេស លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ស្ទើរតែគ្មានការធ្វើអ្វីសោះដើម្បីដោះស្រាយកង្វល់របស់រុស្ស៉ី លើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅតំបន់សមុទ្រខ្មៅ ដែលនេះជាការអត្ថាធិប្បាយថ្មីចុងក្រោយពីសំណាក់ក្រុមមន្ត្រីកំពូលៗរបស់ទីក្រុងមូស្គូ ជុំវិញលទ្ធភាពដែលអាចផ្តល់ឲ្យអ៊ុយក្រែនបន្តការនាំចេញបាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

រុស្ស៉ីបាននិយាយម្តងហើយម្តងទៀត ថានឹងមិនបន្តកិច្ចព្រមព្រៀងនេះឲ្យលើសពីថ្ងៃទី១៨ ខែឧសភានោះទេ លុះត្រាតែលោកខាងលិចយល់ព្រមដកការរឹតបន្តឹងមួយចំនួនលើការទូទាត់ ការដឹកជញ្ជូន និងការធានារ៉ាប់រង ដែលកំពុងរារាំងដល់ការនាំចេញកសិផលរបស់ខ្លួន។ អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា លោក ឡារ៉ូវ បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងឡាហាវ៉ាន យ៉ាងដូច្នេះថា «តាមពិតទៅ គ្មានអ្វីដែលត្រូវបានធ្វើឡើងនោះទេ»

គួរបញ្ជាក់ថា ការត្រួតពិនិត្យកប៉ាល់ដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញពីសមុទ្រខ្មៅ បានចាប់ផ្តើមឡើងវិញនៅថ្ងៃពុធសប្តាហ៍នេះ ក្រោមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ កាលពីខែកក្កដា ឆ្នាំមុន ៥ខែបន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន៕