(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានជំរុញដល់ប្រទេសម៉ិកស៉ិក ឲ្យជួយរៀបចំដាក់បញ្ចូលផែនការសន្តិភាពរបស់អ៊ុយក្រែន ទៅក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំអាមេរិកឡាទីន ទោះបីជាភាពតានតឹងនៅតែបន្តកើតមាននៅក្នុងគណបក្សកាន់អំណាចម៉ិកស៉ិក ជុំវិញការផ្តល់ការគាំទ្រសម្រាប់ទីក្រុងកៀវក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

រដ្ឋាភិបាលម៉ិកស៉ិកនិយាយថា ខ្លួនចង់រក្សាអព្យាក្រឹតភាពក្នុងសង្គ្រាមអ៊ុយក្រែនជាមួយរុស្ស៉ី ខណៈក្រុមអ្នកគាំទ្រអ៊ុយក្រែនមួយចំនួនបានរិះគន់ប្រធានាធិបតី លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) ចំពោះការរកឃើញកំហុសពីការដឹកជញ្ជូនអាវុធរបស់អឺរ៉ុបទៅកាន់ទីក្រុងកៀវ។

ក្នុងសុន្ទរកថាលើដំបូងទៅកាន់សមាជិកសភាម៉ិកស៉ិក ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់ម៉ិកស៉ិកសម្រាប់ការគាំទ្រអ៊ុយក្រែន ក្នុងការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ ហើយស្នើឲ្យម៉ិកស៉ិកបង្ហាញ «ភាពជាអ្នកដឹកនាំ» តាមរយៈការរួមចំណែកផ្សព្វផ្សាយ «រូបមន្តសម្រាប់សន្តិភាព» របស់លោក។ ផែនការនេះរួមមាន រុស្ស៉ីត្រូវតែដកទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែន ដែលលោកបានដាក់ចេញសម្រាប់មេដឹកនាំពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ លោក ហ្សេលេនស្គី បានអំពាវនាវឲ្យមានការដាក់បញ្ចូលផែនការសន្តិភាពនេះ ទៅក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំអាមេរិកឡាទីន។ យ៉ាងនេះក្តី សេចក្តីថ្លែងការណ៍ខ្លីមួយរបស់មេដឹកនាំម៉ិកស៉ិក លោក ឡូប៉េស អូប្រាដ័រ បានគូសបញ្ជាក់ពីសុន្ទរកថារបស់ លោក ហ្សេលេនស្គី ថាធ្វើឡើងតាមការអញ្ជើញរបស់ក្រុមមិត្តភាពនៃសភា របស់ប្រទេសទាំងពីរប៉ុណ្ណោះ៕