(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយកាណ៍ថា យន្តហោះចម្បាំងរុស្ស៉ីមួយគ្រឿងស្រាប់តែបាញ់គ្រាប់ដោយចៃដន្យ ចូលទៅក្នុងទីក្រុងបែលហ្គរូដ (Belgorod) ដែលស្ថិតក្បែរប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យស្រ្តីពីរនាក់រងរបួស និងខូចខាតអគារមួយចំនួន។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់ប្រភពពីមន្រ្តីការពារជាតិរុស្ស៉ីដែលគូសបញ្ជាក់ថា «នៅពេលដែលយន្តហោះចម្បាំង Sukhoi Su-34 របស់កងកម្លាំងអាកាសរុស្ស៉ី កំពុងហោះហើរពីលើទីក្រុង Belgorod ស្រាប់តែបានបាញ់ទម្លាក់គ្រាប់ដោយចៃដន្យ»។ ប៉ុន្តែមិនបានបញ្ជាក់ពីប្រភេទអាវុធនោះទេ។ ចំណែកអភិបាលតំបន់បែលហ្គរូដ លោក វីយ៉ាឆេស្លេវ គ្លេដកូវ (Vyacheslav Gladkov) បានប្រកាសភាពអាសន្នតាមបណ្តាញតេឡេក្រាមថា មានរណ្ដៅទំហំ ២០ម៉ែត្រកាត់លើផ្លូវដ៏សំខាន់មួយ។ រថយន្ត ៤គ្រឿង និងផ្ទះល្វែង ៤ខ្នងត្រូវរងការខូចខាត។

គួរបញ្ជាក់ថា Su-34 គឺជាយន្តហោះចម្បាំងទម្លាក់គ្រាប់បែកស៊េរីទំនើបរបស់រុស្ស៉ី។ Belgorod គឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើននៃភាគខាងត្បូងរបស់រុស្ស៉ី ដែលមានស្ថានីយ៍ប្រេងឥន្ធនៈ និងកន្លែងលក់គ្រាប់រំសេវ ហើយតែងតែរងនូវការបំផ្ទុះនានាចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕