(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទទួលស្វាគមន៍ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr) មកកាន់ សេតវិមាននៅថ្ងៃទី១ ខែឧសភាខាងមុខនេះ ដែលជាសញ្ញាបង្ហាញថាទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែល្អប​្រសើរឡើង នៅចំពោះមុខភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន លើសំណុំរឿងតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ ព្យែរ (Karine Jean-Pierre) បានគូសបញ្ជាក់ដូច្នេះថា «លោក បៃដិន នឹងធ្វើការអះអាងឡើងវិញពីការប្ដេជ្ញាចិត្តយ៉ាងរឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះវិស័យការពារជាតិរបស់ហ្វីលីពីន ហើយមេដឹកនាំទាំង២ នឹងពិភាក្សាគ្នាពី កិច្ចខិតខំប្រឹងប្រែងពង្រឹងសម្ព័ន្ធភាពដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន»។ បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក បៃដិន និងលោក ម៉ាកូស ក៏នឹងជជែកគ្នា ផងដែរពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ថាមពលស្អាត និងការគោរពសិទ្ធិមនុស្សជាដើម។

គួរបញ្ជាក់ថា ការប្រកាសពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន របស់លោក ម៉ាកូស ដោយសេតវិមាន ធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយយោធាអាមេរិក និងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមិនធ្លាប់មាន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ក្នុងបរិបទនៃការកើនឡើងសកម្មភាពយោធារបស់ចិន នៅក្នុងតំបន់ តួយ៉ាងនៅជុំវិញកោះតៃវ៉ាន់តែម្ដង៕