(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបាននិយាយថាគោលជំហររបស់កូរ៉េខាងជើង ក្នុងនាមជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ គឺជារឿង មិនអាចប្រកែកបាន ហើយនឹងបន្តពង្រឹងសមត្ថភាពយោធា រហូតទាល់តែការគំរាមកំហែងយោធាពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ត្រូវបានលុបបំបាត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

KCNA ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុន ហ៊ុយ (Choe Son Hui) ដែលបានចោទប្រកាន់ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិក G7 ដទៃទៀតថាកំពុងលូកលាន់កិច្ចការផ្ទៃក្នុងរបស់កូរ៉េខាងជើងដោយខុសច្បាប់ ជាមួយការព្រមានថាទីក្រុងព្យុងយ៉ាង នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្នុងករណីមានការគំរាមកំហែងណាមួយដល់អធិបតេយ្យ និងផលប្រយោជន៍ស្នូលរបស់ខ្លួន។

លោកស្រី ឆូ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងបន្តធ្វើសកម្មភាពស្របច្បាប់របស់យើង រហូតទាល់តែការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេត្រូវបាន លុបបំបាត់ទាំងស្រុង...ហើយដរាបណាដែលយើងមានសមត្ថភាពវាយបកប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក យើងនឹងមិនស្វែងរកការទទួលស្គាល់ ឬការអនុញ្ញាតពីនរណាម្នាក់ឡើយ»។ តែយ៉ាងណាក៏ដោយ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងក៏បានបញ្ជាក់ឡើងវិញដែរថាការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើង គឺមានបំណងត្រឹមតែដើម្បីការពារខ្លួនឯងប្រឆាំងនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ និងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ចោល គោលនយោបាយអរិភាព។

គួរបញ្ជាក់ថា ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 បានថ្កោលទោសការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅនេះដែលទីក្រុងព្យុងយ៉ាង ហៅថាជាការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង។ ក្រុមរដ្ឋមន្ត្រីទាំងនេះក៏បានអំពាវនាវ ផងដែរឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ នៅឯចុងបញ្ចប់នៃកិច្ចប្រជុំក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារកន្លងទៅ៕