(បែរឡាំង)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្ដូរៀស (Boris Pistorius) បានច្រានចោលចំពោះការសម្រេចចិត្តភ្លាមៗ ស្ដីពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងបក្សសម្ព័ន្ធយោធា NATO ដែលកំពុងផ្ដល់ជំនួយអាវុធដល់ទីក្រុងកៀវ ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

លោក ភីស្ដូរៀស ធ្វើការកត់សម្គាល់ខាងលើក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ZDF កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងកើតឡើងក្រោយប្រមុខ NATO លោក Jens Stoltenberg បំពេញទស្សនកិច្ចជាលើកដំបូងដោយមិនបានប្រកាសឱ្យដឹងមុនទៅកាន់ប្រទេសអ៊ុយក្រែន។ ថ្លែងនាឱកាសនោះ​ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ទ្វារនៅតែបើកចំហ តែបច្ចុប្បន្ន មិនមែនជាពេលត្រូវធ្វើការសម្រេចចិត្តនោះទេ ហើយអ៊ុយក្រែនយល់ដែរពីស្ថានភាពនៃការសម្រេចចិត្ត»។ លោក ភីស្ដូរៀស បានបន្ថែមថាការសម្រេចចិត្តលើសមាជិកភាពរបស់អ៊ុយក្រែន មិនមែនត្រូវធ្វើឡើងគ្រាន់តែដោយសារសាមគ្គីភាពប៉ុណ្ណោះទេ តែវាក៏ទាមទារផងដែរនូវ គុណសម្បត្តិគ្រប់គ្រាន់ និងការស្វាគមន៍យ៉ាងកក់ក្ដៅ។

គួរបញ្ជាក់ថា បើតាមលោក បូរីស ភីស្ដូរៀស បញ្ហាសមាជិកភាព NATO របស់អ៊ុយក្រែន ឬសហភាពអឺរ៉ុប នឹងមិនត្រូវបានលើកយកមកពិភាក្សានោះទេ នៅឯកិច្ចប្រជុំក្រុម ទំនាក់ទំនងការពារអ៊ុយក្រែន (Ukraine Defence Contact Group) លើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាកាសអាមេរិក រ៉ុំាស្ដែន (Ramstein) ស្ថិតនៅ ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ៕