(ប៉េកាំង)៖ វិទ្យាសា្ថនសិក្សាស្រាវជ្រាវមួយនៅក្នុងប្រទេសអូស្ត្រាលី បានឱ្យដឹងថាចិនបានពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយដាច់វ៉ាសហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំមកនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍មានចំណងជើងជាភាសាអង់គ្លេស «Asia Power Snapshot: China and the United States in Southeast Asia» វិទ្យាស្ថាន Lowy Institute បានបញ្ជាក់ទៀតថាសហរដ្ឋអាមេរិកនៅតែបន្តបាត់បង់ ឥទ្ធិពលរបស់ខ្លួនទៅឱ្យចិន ទាំងខាងទំនាក់ទំនងសេដ្ឋកិច្ច បណ្ដាញការពារជាតិ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌ គិតចាប់តាំងពីឆ្នាំ២០១៨មក។ ក្នុងឆ្នាំ២០១៨ ចិន បាននាំមុខសហរដ្ឋអាមេរិកក្នុងពិន្ទុ ៥២ ទល់នឹង៤៨ សម្រាប់ឥទ្ធិពលនៅក្នុងតំបន់ ហើយក្នុងឆ្នាំ២០២២ ពិន្ទុនាំមុខរបស់ចិនបានកើនដល់៥៤ ខណៈសហរដ្ឋអាមេរិក មាន៤៦ពិន្ទុ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើដដែល ឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានភាពរឹងមាំដោយសារតែនយោបាយការទូត និងទំនាក់ទំនងសេដ្ឋកិច្ច ជាមួយបណ្ដាប្រទេសក្នុងតំបន់។ ចំណែកឯ ឥទ្ធិពលរបស់សហរដ្ឋអាមេរិកមានភាពល្អប្រសើរ ដោយផ្អែកលើបណ្ដាញការពារជាតិ និងឥទ្ធិពលវប្បធម៌។ សហរដ្ឋអាមេរិក បានបាត់បង់ឥទ្ធិពលក្នុងតំបន់ខ្លាំងបំផុត កាលពីឆ្នាំ២០១៨ ជាពិសេសនៅក្នុងប្រទេសម៉ាឡេស៊ី ដោយបាត់អស់ ៧ពិន្ទុ នៅព្រុយណេបាត់អស់៥ពិន្ទុ និងបាត់អស់ ៥ពិន្ទុ ដូចគ្នានៅឥណ្ឌូណេស៊ី ស្របពេលចិននៅតែបន្តមានឥទ្ធិពលខ្លាំងក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ហើយសហរដ្ឋអាមេរិកមានឥទ្ធិពលខ្លាំងនៅហ្វីលីពីន និងសិង្ហបុរី៕