(វ៉ាស៊ីនតោន)៖ យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមអ៊ុយក្រែន គឺពឹងផ្អែកលើគំនិតថាសង្រ្គាមនឹងត្រូវបញ្ចប់ ឬក៏មានភាពធូរស្រាលក្នុងឆ្នាំ២០២៣នេះ។ តែចុះប្រសិនបើវាមិនអាចទៅរួច តើនឹងមានអ្វីកើតឡើង? រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន គ្រប់គ្រងជម្លោះបានយ៉ាងល្អប្រសើរមកទល់ពេលនេះ។ ប៉ុន្តែ ដរាបណា សង្រ្គាមនៅតែបន្តអូសបន្លាយ នោះការគ្រប់គ្រងជម្លោះនេះនឹងកាន់តែពិបាក ហើយវាក៏នឹងកាន់តែបង្កើនសម្ពាធលើគោលនយោបាយអាមេរិក នៅជុំវិញពិភពលោក ផងដែរ។

អ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងបើកប្រតិបត្តិការវាយបកឆាប់ៗនេះ ដើម្បីវាយដណ្ដើមយកទឹកដីរបស់ខ្លួនដែលរុស្ស៉ីកំពុងកាន់កាប់មកវិញ។ មានការសន្និដ្ឋានផ្សេងៗគ្នា ថាប្រតិបត្តិការវាយបកនេះអាចនឹងធ្វើឡើងនៅក្នុងតំបន់ដុនបាស់ រីឯខ្លះទៀតថាអាចកើតឡើងក្នុងតំបន់ភាគខាងត្បូងរបស់អ៊ុយក្រែន ក្នុងគោលបំណងកាត់ផ្ដាច់ស្ពាន ដែលរុស្ស៉ីតភ្ជាប់ទៅកាន់តំបន់គ្រីមៀ។ យ៉ាងនេះក្ដី មិនថាការវាយលុកត្រូវធ្វើឡើងដោយវិធីណានោះទេ ក៏អ្វីដែលសហរដ្ឋអាមេរិករំពឹងទុក នោះគឺការវាយលុកនឹងធ្វើឱ្យ អ៊ុយក្រែន កាន់តែមានប្រៀបលើសមរភូមិ និងអាចត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាព។

ជាលក្ខណៈ​ឯកជន និងសាធារណៈ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក បានបង្ហើបជារឿយៗពីទ្រឹស្ដីនៃជ័យជម្នះរបស់រដ្ឋបាលលោក បៃដិន ដែលជាជោគជ័យមួយមិនមែនជា ជ័យជម្នះលើសលប់ ហើយការវាយលុករបស់អ៊ុយក្រែនទៀតសោត អាចនឹងបន្ធូរបន្ថយកម្ដៅនៃសង្រ្គាម ឬក៏នាំទៅរកកិច្ចចរចាស្វែងរកសន្តិភាព។ នៅក្រោមយុទ្ធសាស្ត្រ បែបនេះ វាមានទាំងទុទ្ទិដ្ឋិ​និយម និងសុទិដ្ឋិនិយម។ ទុទ្ទិដ្ឋិ​និយម៖ គឺនៅត្រង់ថាក្រុមមន្ត្រីអាមេរិកនៅតែមានការសង្ស័យចំពោះសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការរំដោះ យកទឹកដីទាំងអស់របស់ខ្លួនដែលរុស្ស៉ីបានក្រសោបយកកាលពីឆ្នាំ២០១៤។ សុទិដ្ឋិនិយម គឺទីក្រុងវ៉ាស៊ីនតោន រំពឹងថាទីក្រុងកៀវអាចនឹងដណ្ដើមបានមកវិញនូវទឹកដី សមល្មមគ្រប់គ្រាន់ អាចឱ្យអ៊ុយក្រែនមានសេដ្ឋកិច្ចរឹងមាំ និងមានយោធាអាចការពារខ្លួនឯងបាន ហើយអាចដាក់សម្ពាធរុញខ្ទប់យោធារបស់លោក ពូទីន ទៅកាន់ ស្ថានភាពមួយដែលលោក ពូទីន យល់ថាចាំបាច់ត្រូវតែចរចាសន្តិភាព។ បើអាចធ្វើបែបនេះបាន អ៊ុយក្រែននឹងកាត់បន្ថយការស្នើសុំជំនួយពីសហរដ្ឋអាមេរិក ដែលនេះ នឹងអនុញ្ញាតឱ្យឧស្សាហកម្មយោធាអាមេរិកអាចផ្តោតទៅលើអាទិភាពដទៃទៀត។

យុទ្ធសាស្ត្រនេះគឺលោក បៃដិន បាន និងកំពុងអនុវត្ត តាមរយៈការប្រឹងប្រែងធ្វើយ៉ាងណាកុំឱ្យអ៊ុយក្រែនបរាជ័យ ខណៈបញ្ចៀសកុំឱ្យសង្រ្គាមលោកផ្ទុះឡើង។ អ្នកវិភាគ មួយចំនួនដូចជាអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក លោក Daniel Drezner បានកត់សម្គាល់ថាសហរដ្ឋអាមេរិកកំពុងស្វែងរកជម្រើសដ៏ត្រឹមត្រូវមួយ។ សហរដ្ឋអាមេរិក ចង់ឱ្យអ៊ុយក្រែនមានជំហររឹងមាំនៅតុចរចា តែមិនចង់ឱ្យអ៊ុយក្រែនមានជំហររឹងមាំរហូតដល់ទាត់ចោលកិច្ចចរចាជាមួយរុស្ស៉ី គ្រប់ពេលនោះទេ។ ក្នុងពេលដំណាលគ្នា ទីក្រុងវ៉ាស៊ីនតោន ក៏ចាំបាច់បញ្ចុះបញ្ចូលលោក ពូទីន ជឿផងដែរថាលោកអាចនឹងបាត់បង់ជ័យជម្នះទាំងអស់របស់លោក ឬអាចដល់ថ្នាក់បាត់បង់អំណាច ប្រសិនបើ សង្រ្គាមនៅតែបន្តអូសបន្លាយ។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកក៏មិនចង់ឃើញលោក ពូទីន ទាល់ច្រក ឬក៏ធ្វើឱ្យចិនសន្មត់ថាត្រូវតែជួយសម្ព័ន្ធមិត្តរបស់ខ្លួនដែលកំពុង ប្រឈមមុខនឹងបរាជ័យនោះដែរ។ យុទ្ធសាស្ត្រនេះមើលទៅសមហេតុផល ប៉ុន្តែ វាមិនមែនជារឿងងាយស្រួលនោះទេ។

បច្ចុប្បន្ន មានបញ្ហាស្មុគស្មាញជាច្រើនកំពុងលេចចេញជារូបរាងឡើង ដោយសារព័ត៌មានអាមេរិកធំៗ បានធ្វើសេចក្ដីរាយការណ៍ថាអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់រំសេវ ប្រព័ន្ធការពារដែនអាកាស និងចំណុចខ្សោយមួយចំនួន។ ជាការពិតណាស់ អ៊ុយក្រែនតែងតែធ្វើឱ្យគេគ្រប់គ្នាភ្ញាក់ផ្អើលចំពោះសមត្ថភាព និងការតស៊ូនាពេលកន្លងមក។ តែទោះជាបែបនេះក្ដី គ្មាននរណាម្នាក់អាចបដិសេធបានឡើយចំពោះលទ្ធភាពដែលប្រតិបត្តិការវាយបករបស់អ៊ុយក្រែន នឹងសម្រេចបានជ័យជម្នះមួយដែលមិនសមមាត្រ ទៅនឹងការលះបង់។ ចំណែកឯភាគី លោក ពូទីនវិញ យោធារបស់លោកនៅតែមានភាពចន្លោះប្រហោង ហើយបើអ៊ុយក្រែនអាចសម្រេចបានជោគជ័យធំដុំណាមួយ នោះវា នឹងមានន័យថាការពលីរបស់ទាហានរុស្ស៉ីក្នុងសង្រ្គាមរដូវរងាកន្លងមក គឺមិនមានន័យអ្វីទាំងអស់។

ប៉ុន្តែសម្រាប់លោក ពូទីន លោកនៅតែជឿជាក់ថាលោកអាចតស៊ូទ្រាំបានយូរជាងអ៊ុយក្រែន និងសម្ព័ន្ធមិត្តអ៊ុយក្រែន ដ្បិតចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិក អាចនឹង ត្រូវបានទាញចេញទៅកាន់កន្លែងផ្សេង តួយ៉ាងដូចជាតំបន់អាស៊ីជាដើម។ នៅត្រង់នេះមានន័យថាភាពទន់ខ្សោយរបស់អ៊ុយក្រែនកាន់តែស្ដែងឱ្យឃើញឡើង នោះជំនឿចិត្ត របស់លោក ពូទីន នឹងកាន់តែរឹងមាំ ហើយនៅពេលទីក្រុងវ៉ាស៉ីនតោនកាន់តែបង្ហាញច្បាស់ថាតើខ្លួនចង់បានអ្វីខ្លះ ដើម្បីឱ្យសង្រ្គាមបញ្ចប់ នោះលោក ពូទីន អាចនឹងកាន់តែ អូសបន្លាយសង្រ្គាម។

ដូច្នេះបើសង្រ្គាមកាន់តែអូសបន្លាយ ភាពស្មុគស្មាញរបស់លោក ចូ បៃដិននឹងកាន់តែមានច្រើនឡើងៗ ហើយការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែនក៏នឹងជួបភាពលំបាកដែរ ស្របពេលអ្នកជំនាញដូចជា លោក John Mearsheimer អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក ធ្លាប់បានលើកឡើងថាការជាប់ផុងក្នុងជម្លោះដែលគ្មានច្រកចេញ វាអាចនឹង បង្កជាឧបសគ្គធំដល់សហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងជាមួយចិន។ មិនតែប៉ុណ្ណោះ លោក បៃដិន ក៏អាចនឹងប្រឈមមុខដែរថាតើត្រូវកាត់បន្ថយ ឬក៏បង្កើនការផ្ដល់ ជំនួយយោធាដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងគ្រាប់បែកចង្កោម ឬយន្ដហោះចម្បាំងស៊េរីទំនើប។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ រដ្ឋបាលលោក ចូ បៃដិន បានបង្ហាញថាសហរដ្ឋអាមេរិកអាចផ្ដល់ឱ្យអ៊ុយក្រែននូវអ្វីដែលពួកគេត្រូវការ។ ប៉ុន្តែ បើសង្រ្គាមនៅតែបន្ត អូសបន្លាយ នោះការប្រថុយប្រថាននឹងកាន់តែមានគ្រោះថ្នាក់ដូចគ្នា។ ពោលគឺ បើលោក បៃដិន ចង់ទទួលបានជ័យជម្នះក្នុងសង្រ្គាមយូរអង្វែងនៅអ៊ុយក្រែន ខណៈកំពុង ព្យាយាមប្រជែងជាមួយចិន និងកុំឱ្យសហរដ្ឋអាមេរិកបរាជ័យក្នុងតំបន់ឥណ្ឌូប៉ាស៊ីហិ្វក លោក បៃដិនត្រូវតែបំពាក់អាវុធឱ្យយោធាអាមេរិកឡើងវិញ ដូចជាស្ថិតនៅក្នុង ស្ថានការណ៍អាសន្ននៃសម័យសង្រ្គាម។ បើលោកមិនធ្វើដូច្នេះទេ នោះសហរដ្ឋអាមេរិកអាចនឹងត្រូវបង្ខំចិត្តជ្រើសរើសថាតើការបំបាក់រុស្ស៉ីនៅអ៊ុយក្រែន ឬក៏ការកំញើញចិន នៅឥណ្ឌូប៉ាស៊ីហ្វិក មួយណាដែលជាជម្រើសអាទិភាពភូមិសាស្ត្រនយោបាយដែលត្រូវបោះបង់ចោល៕