(តេហេរ៉ង់)៖ មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពជើងទឹកអ៊ីរ៉ង់បានព្រមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកឲ្យចូលចត ខណៈកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។
មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Shahram Irani បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានរដ្ឋ ដោយមិនបានបញ្ជាក់លម្អិតថាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅពេលណានោះទេ។
លោកបានបន្ថែមថា នាវាមុជទឹក Fateh របស់អ៊ីរ៉ង់បានរកឃើញនាវាមុជទឹក USS Florida របស់សហរដ្ឋអាមេរិក តាមរយៈការធ្វើសមយុទ្ធជាបន្តបន្ទាប់ ហើយបានបង្ខំឱ្យវាឡើងលើគោក ខណៈដែលនាវាក្រោយៗទៀតកំពុងខិតជិតច្រកសមុទ្រ Hormuz ក្នុង «ភាពស្ងៀមស្ងាត់ទាំងស្រង់»។
អ៊ីរ៉ង់បានចេញការព្រមានដល់នាវាមុជទឹកអាមេរិក ព្រោះវាបានចូលក្នុងដែនទឹករបស់ខ្លួន។ អ៊ីរ៉ង់បាននិយាយថា នាវាមុជទឹកអាមេរិកដែលអមដោយនាវាចម្បាំងនោះ បានកែតម្រង់ផ្លូវរបស់ខ្លួនហើយបន្តធ្វើដំណើរ។
លោកបាននិយាយថា អ៊ីរ៉ង់នឹងបន្តពិនិត្យសំណុំរឿងនេះ តាមរយៈទីភ្នាក់ងារ និងអង្គការអន្តរជាតិ ដោយព្រមានថា វត្តមាន «ខុសច្បាប់ និងគ្រោះថ្នាក់» របស់សហរដ្ឋអាមេរិក បង្កបញ្ហាប្រឈមសម្រាប់ទាំងអស់គ្នា។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ USS Florida កំពុងប្រតិបត្តិការនៅមជ្ឈិមបូព៌ា ដើម្បីគាំទ្រដល់កងនាវាទីប្រាំ របស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន៕