(សេអ៊ូល)៖ កូរេខាងត្បូងបាននិយាយថាគេនឹងជួយផ្តល់ឱ្យអ៊ុយក្រែននូវជំនួយតែមនុស្សធម៌នោះទេ ប៉ុន្តែប្រធានាធិបតី កូរេខាងត្បូង លោកយូន សុកយុល បានថ្លែងក្នុងសប្តាហ៍នេះថា គេក៏អាចផ្លាស់ប្តូរជំហរវិញដែរ ប្រសិនបើមានការវាយប្រហារទ្រង់ទ្រាយធំដាក់លើប្រជាជនស៊ីវិល។

វិមានក្រឹមឡាំងបានប្រតិកម្មទៅវិញថា ការចាប់ផ្តើមរបស់កូរេខាងត្បូងនូវការផ្តល់អាវុធដល់ អ៊ុយក្រែន នឹងមានន័យថាជាការធ្វើសកម្មភាពពាក់ព័ន្ធក្នុងទំនាស់អ៊ុយក្រែន។ រុស្ស៊ីបានគម្រាមថា គេនឹងផ្តល់អាវុធដល់កូរេខាងជើងវិញ បើសិនជាកូរេខាងត្បូងហ៊ានផ្តល់អាវុធដល់អ៊ុយក្រែន។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានគំរាមកូរ៉េខាងត្បូង បន្ទាប់ពីរដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងត្បូងអាចនឹងផ្តល់អាវុធដល់អ៊ុយក្រែន។ កូរេខាងត្បូងកន្លងមកនេះបានផ្តល់ជំនួយមនុស្សធម៌ ដែលមិនសម្លាប់មនុស្សតែប៉ុណ្ណោះដល់ ប្រទេសអ៊ុយក្រែន ប៉ុន្តែប្រធានាធិបតីកូរេខាងត្បូង លោក Yun Sok-yeol បានប្រាប់ទីភ្នាក់ងាររ៉យតឺ កាលពីថ្ងៃពុធទី១៩មេសាថា ប្រសិនបើមានស្ថានភាពសហគមន៍អន្តរជាតិមិនអាចអត់ឳនឱ្យបាន ដូចជាការវាយប្រហារក្នុងលក្ខណៈទ្រង់ទ្រាយធំដាក់លើប្រជាជន វានឹងពិបាកចំពោះយើង ដែលប្រកាន់ខ្ជាប់តែរឿងជំនួយមនុស្សធម៌ ឬការគាំទ្រហិរញ្ញវត្ថុតែមួយមុខនោះ។ នេះគឺជាលើកដំបូងហើយ ដែលរដ្ឋាភិបាលកូរេខាងត្បូងបានបង្ហាញនូវជំហរចង់ផ្តល់អាវុធ ដល់អ៊ុយក្រែន ខណៈសង្គ្រាមបានអូសបន្លាយរយៈពេលជាងមួយឆ្នាំរួចមកនេះ។ ការប្រកាន់ជំហរផ្តល់អាវុធដល់អ៊ុយក្រែននេះ ត្រូវគេចាត់ទុកថាជាការរុញសភាពការណ៍ឱ្យកូរេខាងត្បូង បានក្លាយជាសត្រូវប្រយោលមួយថ្មីទៀត ដល់រុស្ស៊ីដែលជាប្រទេសសម្ព័ន្ធមិត្តនឹងកូរេខាងជើង ។ ជំហររបស់កូរេខាងត្បូង ត្រូវគេបារម្ភថានឹងអាចបង្កជាគ្រោះថ្នាក់មួយដល់ដែនឧបទ្វីបកូរេ ខណៈការប្រឈមមុខដាក់គ្នារវាងកូរេខាងជើង និងកូរេខាងត្បូងកំពុងតែបារម្ភខ្លាចក្រែងនឹងអាចជាឈ្នួនថ្មីផ្ទុះឡើងនូវសង្គ្រាមក្នុងតំបន់។

វិមានក្រឹមឡាំងបានថ្លែងប្រតិកម្មវិញថា ការចាប់ផ្តើមបំពាក់អាវុធណាមួយដល់អ៊ុយក្រែន នឹងមានន័យថា វាជាការធ្វើសកម្មភាពពាក់ព័ន្ធមិនផ្ទាល់ក្នុងទំនាស់អ៊ុយក្រែន ហើយរុស្ស៊ីនឹងធ្វើការតបតទៅវិញ។
លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ លោក វ្ល៉ាឌីមៀ ពូទីន បានសរសេរនៅលើប្រព័ន្ធបណ្តាញសង្គម Telegram កាលពីថ្ងៃពុធទី១៩មេសាឆ្នាំ២០២៣ ថា មានអ្នកថ្មីដែលមានបំណងជួយសត្រូវរបស់យើង...ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yun Sok-yeol បាន និយាយថាជាគោលការណ៍ កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់អាវុធដល់របបដឹកនាំក្រុងកៀវÈ។ លោកបានសរសេរ បន្តថា រហូតមកដល់ពេលថ្មីៗនេះ ប្រជាជនកូរ៉េខាងត្បូង បានធានាយ៉ាងមុតមាំថាលទ្ធភាព នៃការផ្គត់ផ្គង់អាវុធសម្លាប់មនុស្សដល់រដ្ឋាភិបាលក្រុងកៀវត្រូវបានបដិសេធទាំងស្រុង។
លោក Dmitry Medvedev បានសរសេរបន្ថែមថា ខ្ញុំឆ្ងល់ថា តើប្រជាជននៃប្រទេសនេះនឹង និយាយអ្វីខ្លះ នៅពេលពួកគេឃើញ អាវុធទំនើបរបស់រុស្ស៊ីចុងក្រោយបង្អស់នឹងត្រូវបានបំពាក់ដល់ប្រជាជនកូរេខាងជើងដែលស្ថិតនៅជាប់គ្នានឹងកូរេខាងត្បូងវិញនោះ? លោកបានសរសេរបន្ថែមថា វាមានទៅ និងវាមានមក Quid Pro Quo និងថាគម្រោងការបែបនេះ នឹងអាចបង្កគ្រោះថ្នាក់សម្រាប់កូរ៉េខាងត្បូងទៅវិញនោះទេ។

សម្តីព្រមាននេះនៅមិនទាន់មា​នប្រតិកម្មតបតណាមួយវិញភ្លាមៗពីកូរេខាងត្បូងនៅឡើយ។ លោក Yun Sok-yeol បានថ្លែងកាលពីថ្ងៃពុធទៀតថា រដ្ឋាភិបាលកូរេខាងត្បូងកំពុងរកវិធីជួយកសាងអ៊ុយ ក្រែនឡើងវិញដែលដូចជាកូរ៉េខាងត្បូងធ្លាប់បានទទួលជំនួយជាអន្តរជាតិ ក្នុងអម្លុងសង្គ្រាមកូរ៉េក្នុងឆ្នាំ១៩៥០ដល់១៩៥៣។ លោក Yun Sok-yeol បាននិយាយបន្តទៀតថា Çខ្ញុំជឿថាវានឹងមិនមានដែនកំណត់ចំពោះវិសាលភាពនៃការគាំទ្រដើម្បីការពារ និងស្ដារប្រទេសណាមួយ ដែលត្រូវបានគេឈ្លានពានដោយខុសច្បាប់ ទាំងច្បាប់អន្តរជាតិ និងទាំងច្បាប់ នៅក្នុងស្រុក។ លោកបាននិយាយបន្ថែមថា ទោះជាយ៉ាងណាក៏ដោយដោយពិចារណាលើ ទំនាក់ទំនងរបស់យើងជាមួយភាគីដែលចូលរួមក្នុងសង្គ្រាម និងការអភិវឌ្ឍន៍ក្នុងសមរភូមិ យើងនឹងចាត់ វិធានការឱ្យបានសមស្របជាទីបំផុត។

លោក Yun Sok-yeol ក្នុងសប្តាហ៍ក្រោយនេះ នឹងគ្រោងបំពេញទស្សនកិច្ចជាផ្លូវការក្នុងសហ រដ្ឋអាមេរិកដើម្បីប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធភាពកូរេខាងត្បូងជាមួយនឹងសហរដ្ឋអាមេរិក។ ភាពតានតឹងក្នុងដែនឧបទ្វីបកូរេក៏ត្រូវគេបារម្ភថា នឹងអាចក្លាយជាឈ្នួនផ្ទុះមួយនៃសង្គ្រាមក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ កូរេខាងជើង គឹជាប្រទេសមួយដែលគេស្គាល់ជាប្រទេស ដែលគាំទ្រដល់រុស្ស៊ីទាំងការធ្វើសង្គ្រាមក្នុងអ៊ុយក្រែន និងការគាំទ្ររុស្ស៊ីលើឆាកនយោបាយជាអន្តរ ជាតិថែមទៀត ខណៈដែលរុស្ស៊ីក៏តែងចេញមុខដោយចំហរក្នុងការគាំទ្រកូរេខាងជើងវិញផង ដែរ ទន្ទឹមសម្ពាធពីពិភពលោកដែលជម្រុញរកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែខ្លាំងមកលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ គេនឹងរង់ចាំមើលថាតើកូរេខាងជើងនឹងមានប្រតិកម្មយ៉ាងណា ដាក់លើកូរេខាងត្បូង ក្រោយការបង្ហាញការពិចារណាចង់ផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីនោះ។

នៅលើសមរភូមិនោះវិញការវាយប្រហារដាក់គ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនដែលប្រើប្រាស់ជំនួយ យោធាពីបរទេស មានលក្ខណៈខុសពីការកំណត់របស់ប្រទេសជាសាមីជំនួយ។ ការប្រើប្រាស់អាវុធជំនួយរបស់ប្រទេសនៃអង្កការណាតូមុននេះ ត្រូវបានហាមដាច់ខាតមិនត្រូវប្រើប្រាស់ ដាក់លើទឹកដីរុស្ស៊ីនោះឡើយ ប៉ុន្តែការវាយប្រហារដាក់គ្នាដ៏វីវក់នេះ អាវុធជំនួយពីសហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា ត្រូវបានប្រើប្រាស់បាញ់ដាក់លើទឹកដីរបស់រុស្ស៊ី។

រុស្ស៊ីបានប្រើដ្រូនវាយប្រហារដាក់លើអ៊ុយក្រែន ចំណែកអ៊ុយក្រែនក៏បានប្រើដ្រូនអត្តឃាត របស់អាមេរិកវាយប្រហារដាក់លើទឹកដីនៃប្រទេសរុស្ស៊ីវិញផងដែរ។ ការប្រើដ្រូនវាយប្រហារដាក់គ្នាទៅវិញទៅមកនេះ បានចាប់ផ្តើមពីគោលដៅកំពង់ផែអ៊ុយក្រែនក្នុងក្រុង Odesa ។ រុស្ស៊ីបានវាយប្រហារលើទីតាំងគោលដៅកំពង់ផែអ៊ុយក្រែននេះ ដោយប្រើប្រាស់ដ្រូនផលិតដោយប្រទេសអ៊ីរ៉ង់គឺដ្រូន Shahid។ ដ្រូន Shahid ជាច្រើនគ្រឿង ត្រូវមន្ត្រីយោធាអ៊ុយក្រែនបានអះអាងថា បានធ្វើការវាយប្រហារមកលើកំពង់ផែក្នុងក្រុង Odesa ប៉ុន្តែក៏ត្រូវបានគេបាញ់ទម្លាក់អស់ជាច្រើន និងក៏គ្មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ឡើយ។ បើតាមមេបញ្ជាការកងកម្លាំងការពារអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បានថ្លែងថា គេ បានបាញ់ទម្លាក់ដ្រូនចំនួនពី១០ ទៅ ១២គ្រឿង។
ការវាយប្រហាររុស្ស៊ីដោយការប្រើដ្រូនអ៊ីរ៉ង់នេះ គឺជារឿងធម្មតា ប៉ុន្តែអ្វីដែលមិនធម្មតានោះ គឺ អ៊ុយក្រែនបានប្រើដ្រូនវាយប្រហារដាក់លើទឹកដីរុស្ស៊ីវិញ ដែលសេចក្តីរាយការណ៍បញ្ជាក់ថា បានកើតឡើងកាលពីថ្ងៃទី១៨មេសាឆ្នាំ២០២៣។

អ៊ុយក្រែនបានប្រើដ្រូនអាមេរិក Switchblade Drones ដែលនេះគឺជាលើកដំបូងហើយ ចំពោះ អ៊ុយក្រែនក្នុងការប្រើប្រាស់ដ្រូនផលិត ដោយសហរដ្ឋអាមេរិកធ្វើការវាយប្រហារដាក់ទៅក្នុងទឹកដីរុស្ស៊ី។
Switchblade Drones គឺជាដ្រូនអត្តឃាតមួយដែលមានភាពសាហាវដូចគ្នានឹងដ្រូនផលិត ដោយអ៊ីរ៉ង់ គឺដ្រូននោះ ស្វែងរកគោលដៅដែលគេបានកំណត់ និងធ្វើការបំផ្ទុះខ្លួនវាបុកទៅ លើគោលដៅវាយប្រហារ។ សហរដ្ឋអាមេរិកបានផ្តល់ប្រភេទអាវុធ Switchblade Drones នេះ ទៅអ៊ុយក្រែនចំនួន៧០០គ្រឿង និងសហរដ្ឋអាមេរិកនៅបានផ្តល់ដ្រូនអត្តឃាតផ្សេងទៀត ដល់អ៊ុយក្រែនផងដែរ គឺដ្រូន The Phoenix Ghost Kamikaze drone។

សហរដ្ឋអាមេរិកបានផ្តល់ដ្រូនអត្តឃាត The Phoenix Ghost Kamikaze drone នេះដល់អ៊ុយក្រែនចំនួន១ពាន់ ៨០០គ្រឿង។ ដូច្នេះអ្វីដែលចម្លែកនោះ គឺអ៊ុយក្រែនបានចាប់ផ្តើមប្រើដ្រូនអត្តឃាតផលិត ដោយសហរដ្ឋអាមេរិកនេះ ដាក់ទៅលើទឹកដីរុស្ស៊ីវិញហើយ ។ ការវាយប្រហាររបស់អ៊ុយ ក្រែនដោយការប្រើដ្រូនអាមេរិកនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨មេសាឆ្នាំ២០២៣លើទឹកដី Belgorod ក្នុងទឹកដីរបស់រុស្ស៊ី។ មិនមានសេចក្តីរាយការណ៍អំពីការខូចខាតឬការបាត់បង់ ជីវិតណាមួយនោះឡើយ ប៉ុន្តែការវាយប្រហារនេះ ជាការកត់សម្គាល់ការកើនឡើង និងការប្រឈមមួយកម្រិតថ្មីទៀត នៃសង្គ្រាមដែលឈានចូលដល់៤២០ថ្ងៃហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ២០ មេសាឆ្នាំ២០២៣។

អ៊ុយក្រែនបានត្រៀមនឹងបើកការវាយលុកទ្រង់ទ្រាយធំមួយរំពឹងថា នឹងធ្វើឡើងក្នុងពេល ឆាប់ៗខាងមុខនេះដើម្បីរំដោះយកទឹកដីដែលរុស្ស៊ីបានកាត់ជាតំបន់រណបគ្រប់គ្រង។ ប៉ុន្តែការវាយលុកទ្រង់ទ្រាយធំនោះ នៅមិនទាន់បានដឹងថា នឹងចាប់ផ្តើមនាពេលណាមួយនោះឡើយ បើទោះបីជាមុននេះមានសេចក្តីរាយការណ៍ថា នឹងអាចចាប់ផ្តើមនាចុងខែមេសា ឬដើមខែឧសភានោះក៏ដោយ។ ការវាយលុករដូវ Spring នេះ ត្រូវបានរៀបចំទុកជាមុន ដោយអ៊ុយក្រែន ដែលបានស្វែងរកការផ្តល់ជំនួយយោធានូវប្រភេទអាវុធធុនធ្ងន់តាមតម្រូវការរបស់ខ្លួន ពីសហរដ្ឋអាមេរិកនិងក្រុម បស្ចឹមប្រទេស ដើម្បីការវាយផ្តាច់ព្រាត់មួយដណ្តើមយកទឹកដីពីកងកម្លាំងរុស្ស៊ីមកវិញ។ ការត្រៀមវាយលុកនេះ ត្រូវគេរាយការណ៍ថា បានយឺតយ៉ាវជាងពេលកំណត់ ដោយសារតែអ៊ុយក្រែននៅរង់ចាំការជំនួយយោធាផ្តល់មកជាបន្តបន្ទាប់ដោយសហរដ្ឋ អាមេរិកនិងប្រទេសលោកខាងលិច។

លោកហ្សេឡិនស្គីបានថ្លែងថា វាចាំបាច់ណាស់ដែលគេត្រូវយល់អំពីរឿងនេះ។ លោកថា ជារៀលរាល់ពេល យើងតែងឮនូវការសន្យាផ្គត់ផ្គង់គ្រឿងសព្វាវុធដែលបញ្ជូនមកយឺតយ៉ាវ។ លោកថ្លែងទៀតថា ជារៀងរាល់ពេលមានការសង្ស័យអំពីប្រភេទ នៃអាវុធសម្រាប់អ៊ុយក្រែនអំពីលក្ខណៈនៃកម្រិតចម្ងាយនិងគុណភាពរបស់វា។ វាមានន័យថារៀងរាល់ដងគឺតម្រូវឱ្យទាហាន អ៊ុយក្រែនត្រូវពលិជីវិតរបស់គេ ដើម្បីឱ្យប្តូរបាននូវស្ថានភាពដូចបច្ចុប្បន្នដែលជាការចំណាយ ជីវិតមួយដើម្បីធ្វើឱ្យគេជឿជាក់ទទួលបាននូវការផ្គត់ផ្គង់អាវុធចាំបាច់ទាំងនោះ។

រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងសប្តាហ៍នេះ បានប្រកាសផ្តល់ប្រព័ន្ធការពារមីស៊ីល Patriot និងគ្រាប់ មីស៊ីលជាច្រើនសម្រាប់អ៊ុយក្រែន ដើម្បីការត្រៀមវាយលុកសម្រាប់ពេលខាងមុខនេះ។ ក្រៅពីប្រព័ន្ធអាវុធមីស៊ីល Patriot នេះ អាល្លឺម៉ង់នៅបានជួយផ្តល់អាវុធមីស៊ីលមួយប្រភេទទៀត ឈ្មោះ Iris-T system ដល់ប្រទេសអ៊ុយក្រែនថែមទៀត។

នៅជាមួយគ្នានេះផងដែរ អធិបការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅបានធ្វើការដាក់សម្ពាធលើប្រទេសស្វីស ដែលតែងរក្សា ភាពកណ្តាលរបស់ខ្លួនដើម្បីឱ្យជួយផ្តល់ជំនួយដល់អ៊ុយក្រែនផងដែរ ខណៈដែលប្រធានាធិបតីស្វីស បានធ្វើទស្សនកិច្ចក្នុងប្រទេសអាល្លឺម៉ង់ក្នុងសប្តាហ៍នេះ។

លោក Olaf Scholz បានថ្លែងថា យើងទទួលស្គាល់ថាការសម្រេចចិត្តដែលបានប្រកាន់យក មកទល់នឹងពេលនេះ និងក្រោយដែលមានការពិភាក្សាយ៉ាងសកម្មមកក្នុងប្រទេសស្វីសនោះមក យើងមានក្តីសង្ឃឹមថា នឹងមានអ្វីដែលកើតឡើងនៅក្នុងប្រទេសស្វីសនោះ។

ប្រទេសស្វីសដែលជាប្រទេសប្រកាន់ភាពអព្យាក្រិត្យ នៅមិនទាន់បានផ្តល់អ្វីសោះឡើយពាក់ ព័ន្ធនឹងការជួយដល់អ៊ុយក្រែនក្នុងកិច្ចការប្រឆាំងនឹងរុស្ស៊ី។ ប្រធានាធិបតីស្វីស លោក Alain Berset បានថ្លែងបញ្ជាក់ក្នុងសន្និសីទមួយពាក់ព័ន្ធនឹងជំហររបស់ប្រទេសស្វីសថា យើងបានអនុម័តនូវកិច្ចព្រមព្រៀងមួយដែលមានចែងក្នុង ច្បាប់របស់យើងÉប៉ុន្តែនៅពេលដែលស្ថានការណ៍ផ្លាស់ប្តូរខ្លាំងយ៉ាងនេះ អ្នកមិនអាចស្នើមក សុំយើងដើម្បីឱ្យធ្វើកិច្ចការបំពាននឹងច្បាប់របស់យើងបានឡើយ។

ក្នុងការជួយផ្តល់ជំនួយនេះផងទៀត សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយយោធា ៣២៥ លានដុល្លារដល់អ៊ុយក្រែន រួមមានទាំងគ្រាប់បាញ់អាវុធ HIMARS គ្រាប់មីស៊ីលជាច្រើន និងមីនប្រឆាំងរថក្រោះថែមទៀត។ កញ្ចប់ជំនួយយោធានេះ គឺជាកញ្ចប់ជំនួយយោធាលើកទី៣៦ ហើយផ្តល់ចំពោះអ៊ុយក្រែនចាប់តាំងមានការវាយប្រហារថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២។

ក្នុងសប្តាហ៍នេះដែរ ទន្ទឹមនឹងមានសេចក្តីរាយការណ៍ការត្រៀមចាប់ផ្តើមសង្គ្រាមក្នុងរដូវ Spring មេដឹកនាំរុស្ស៊ីនិងមេដឹកនាំអ៊ុយក្រែន បានធ្វើដំណើរទៅកាន់តំបន់សមរភូមិមុខ ដែលជាដំណើរលើកទឹកចិត្តកងកម្លាំងរៀងៗខ្លួននៅមុនសង្គ្រាមវាយលុកទ្រង់ទ្រាយធំមួយ នឹងអាច ចាប់ផ្តើមក្នុងពេលខាងមុខនេះ៕