(កូប៉ិកហាក)៖ នៅថ្ងៃព្រហស្បតិ៍នេះ ដាណឺម៉ាកបានប្រកាសថា ខ្លួននិងហូឡង់បានព្រមព្រៀងគ្នាទិញរថក្រោះ Leopard 2 ១៤គ្រឿង ហើយបរិច្ចាគពួកវាទៅឱ្យអ៊ុយក្រែន ដើម្បីប្រើក្នុងកិច្ចប្រឹងប្រែងតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។
ក្រសួងការពារជាតិដាណឺម៉ាបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ថ្ងៃនេះហូឡង់និងដាណឺម៉ាសូមប្រកាស នូវចេតនារបស់ពួកយើងក្នុងការរួមគ្នាទិញ កែលម្អ ហើយបរិច្ចាគនូវ រថក្រោះ Leopard 2A4 សរុបចំនួន១៤គ្រឿង សម្រាប់អ៊ុយក្រែន»។ យោងតាមសេចក្តីថ្លែងការណ៍ដដែល រថក្រោះទាំងនោះ នឹងត្រូវចាប់ផ្តើមប្រគល់ឱ្យ ទីក្រុងកៀវ នៅខ្ទង់ដើមឆ្នាំ២០២៤ ខណៈថវិកាត្រូវចំណាយ គឺប្រហែល១៦៥លានអឺរ៉ូ (១៨០លានដុល្លារអាមេរិក) ដែលនឹងត្រូវបែងចែកចំណែកស្មើគ្នារវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ប្រភេទរថក្រោះខាងលើ ស្ថិតក្នុងបញ្ជីសព្វាវុធធុនធ្ងន់ ដែលអ៊ុយក្រែនចង់បានជាយូរមកហើយ។ កាលពីខែមីនាកន្លងទៅនេះ អាល្លឺម៉ង់បានបញ្ជូនរថក្រោះ Leopard 2 ១៨គ្រឿង ខណៈចក្រភពអង់គ្លេសបានបញ្ជូនរថក្រោះ Challenger 2 របស់ខ្លួន១៤គ្រឿង ដល់ដែអ៊ុយក្រែន៕