(ប៉េកាំង)៖ កាលពីថ្ងៃទី១៩ ខែមេសា មូលនិធិបណ្តាជននៃអង្គការសហប្រជាជាតិបានចេញផ្សាយ 《របាយការណ៍ស្តីពីសភាពការណ៍ចំនួនប្រជាជនពិភពលោកឆ្នាំ២០២៣》ដោយបានព្យាករណ៍ថា ឥណ្ឌានឹងលើសពីប្រទេសចិនក្លាយជាប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោក នៅពាក់កណ្តាលឆ្នាំ២០២៣នេះ ។ នេះជាលទ្ធផលនៃក្រឹត្យក្រមអភិវឌ្ឍន៍ប្រជាជន ប៉ុន្តែប្រព័ន្ធសារព័ត៌មានរបស់ប្រទេសប៉ែកខាងលិចមួយចំនួន បែរជាមានចេតនាអាក្រក់ក្នុងការផ្សាយដំណឹង ។

មួយរយៈពេលកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចបានផ្សាយដំណឹងគួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ ពោលគឺចង់បង្ហាញថា ការអភិវឌ្ឍរបស់ចិននឹងជួបប្រទះភាពស្មុគស្មាញដ៏ធំហើយ ។ ក្នុងបរិបទដែលភាគីអាមេរិកបង្កើនការទប់ស្កាត់ការអភិវឌ្ឍរបស់ចិន និងឃោសនាបំប៉ោងពី “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” ពួកគេប៉ុនប៉ងប្រើប្រាស់បញ្ហាស្តីពី “ប្រទេសដែលមានចំនួនប្រជាជនធំទីមួយ ត្រូវគេជំនួស”មកដាក់សម្ពាធទៅលើប្រទេសចិន ញុះញង់ឧស្សាហកម្មពាក់ព័ន្ធឱ្យចាកចេញពីប្រទេសចិន ដើម្បីជំរុញ “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់”និងគាបសង្កត់ទៅលើនិន្នាការអភិវឌ្ឍន៍របស់ចិន ។ ការឃោសនាបំប៉ោងបែបនេះគឺ ខ្វះការយល់ដឹង ជាមូលដ្ឋានចំពោះក្រឹត្យក្រមអភិវឌ្ឍន៍ប្រជាជន។ សង្គមមនុស្សជាតិរីកចម្រើនដល់សព្វថ្ងៃនេះ អត្រាកំណើតរបស់មនុស្សថមថយចុះនិងបំណង បង្កកំណើតថយចុះជាបញ្ហាដែលទូទាំងពិភពលោកត្រូវប្រឈមមុខជាទូទៅ ។ ហើយសង្កេតមើលទ្រង់ទ្រាយនៃចំនួនប្រជាជនវិញ វាជាចំណែកដ៏សំខាន់មួយនៃគុណភាពអភិវឌ្ឍន៍ជាតិ ប៉ុន្តែតើវាអាចក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដឬអត់ ត្រូវតែមើលពីការរចនាពីប្រព័ន្ធរបបនិងអនុវត្ត គោលនយោបាយរបស់ប្រទេសនេះ ។

ប្រទេសចិនជាប្រទេសដែលមានចំនួនប្រជាជនច្រើនលើពិភពលោក ។ ចាប់ពីធ្វើកំណែទម្រង់និងបើកទូលាយមក ជាពិសេស គឺបន្ទាប់ពីចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក “ភាគលាភដែលបានមកពីចំនួនប្រជាជន”ត្រូវបង្ហាញយ៉ាងពេញលេញ ពោលគឺ ប្រទេសជាតិដើរលើផ្លូវអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយពិភពលោកក៏ទទួលបានឱកាសឈ្នះ-ឈ្នះផងដែរ ។

អាចឃើញថា បើចង់វាយតម្លៃចំពោះអនាគតអភិវឌ្ឍន៍របស់ចិន នោះ មិនត្រូវសម្លឹងមើលតែសន្ទស្សន៍តែមួយអំពីទំហំប្រជាជនប៉ុណ្ណោះទេ តែគឺត្រូវមើលពីគុណភាពនិងប្រសិទ្ធភាពនៃកំណើនសេដ្ឋកិច្ច ។ នៅត្រីមាសទីមួយឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់ចិនគឺ៤,៥ភាគរយ ដែលលើសពីការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅ នេះក៏បានបញ្ជាក់ពីបញ្ហានេះហើយ ។

ដូចគ្នាដែរ បើវាយតម្លៃចំពោះ “ភាគលាភដែលបានមកពីចំនួនប្រជាជន”របស់ចិន នោះត្រូវមើលពីបរិមាណសរុបផង និងគុណភាពផង ពោលគឺ ត្រូវមើលពីចំនួនប្រជាជន ហើយកាន់តែផ្តោតសំខាន់លើធនធានមនុស្ស ។ បច្ចុប្បន្ននេះ ប្រទេសចិនមានកម្លាំងពលកម្មជិត៩រយលាននាក់ ហើយកម្លាំងពលកម្មដែលបានកើនឡើងថ្មីប្រចាំឆ្នាំលើសពី១៥លាននាក់ ដូច្នេះ ធនធានមនុស្សដ៏សម្បូរបែបនៅតែជាឧត្តមភាពដ៏លេចធ្លោរបស់ចិន ។ អ្វីដែលកាន់តែសំខាន់នោះគឺ ចំនួនប្រជាជនដែលទទួលការអប់រំជាន់ខ្ពស់នៅប្រទេសចិនបានលើសពី២៤០លាននាក់ ពេលវេលាទទួលការអប់រំគិតជាមធ្យម នៃកម្លាំងពលកម្មកើនឡើងថ្មីគឺ១៤ឆ្នាំ ។ ដូច្នេះអាចឃើញថា “ភាគលាភដែលបានមកពីចំនួនប្រជាជន”របស់ចិន មិនបានរលាយសាបសូន្យនោះទេ “ភាគលាភខាងធនធានមនុស្ស”កំពុងកកើតឡើង ហើយកម្លាំងចលករនៃការអភិវឌ្ឍ នៅតែមានភាពខ្លាំងក្លាដដែល ។

ព្រមពេលជាមួយគ្នានេះ សំដៅចំពោះបម្រែបម្រួល ខាងរចនាសម្ព័ន្ធនៃចំនួនប្រជាជនដូចជា មានមនុស្សវ័យជរាច្រើននិងចំនួនយកកូនតិចជាដើម ប្រទេសចិនកំពុងអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់ឆ្លើយតបនឹង បាតុភូតដែលសង្គមមានមនុស្សជរាច្រើនយ៉ាងសកម្ម និងជំរុញគោលនយោបាយបង្កកំណើតកូនទីបីនិងវិធានការគាំទ្រពាក់ព័ន្ធ ។

កាលពីមុន មនុស្សមួយចំនួននៃប្រទេសប៉ែកខាងលិចយកបញ្ហាចំនួនប្រជាជនរបស់ចិនមកបង្ករឿងហេតុ តែរមែងតែត្រូវបានការពិតជាក់ស្តែងបញ្ជាក់ទៅវិញ ។ លើកនេះ ការឃោសនាបំប៉ោងរបស់ពួកគេសុទ្ធតែមិនអាចយកជាការបានទេ ការយកបញ្ហានេះមកបង្ករឿងហេតុមុខជានឹងត្រូវបរាជ័យជាមិនខាន ៕

វិទ្យុមិត្តភាពកម្ពុជាចិន