(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

ទស្សនកិច្ចរបស់លោក យូន នឹងក្លាយជាដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុត ដោយប្រធានាធិបតីកូរ៉េខាងត្បូងនៅសហរដ្ឋអាមេរិក គិតចាប់តាំងពីឆ្នាំ២០១១មក ជាពេលដែលលោក លី ម្យុងបាក់ (Lee Myung Bak) ដែលជាមេដឹកនាំកូរ៉េខាងត្បូងនាពេលនោះ បានធ្វើយ៉ាងដូច្នោះ។ លោក យូន ស៊ុកយុល និងលោក ចូ បៃដិន នឹងត្រូវបើកកិច្ចប្រជុំកំពូលជាមួយគ្នា ព្រមទាំងធ្វើសន្និសីទសារព័ត៌មានរួម នៅថ្ងៃទី២៦ ខែមេសា ហើយលោក យូន ក៏បានឡើងថ្លែងសុន្ទរកថានៅសភាជាតិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២៧ ខែមេសា ផងដែរ។

គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺត្រូវចំគម្រប់ខួបទី៧០ នៃការចាប់ផ្តើមសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក។ កិច្ចប្រជុំកំពូលរវាងប្រធានាធិបតី​នៃប្រទេសទាំងពីរ នាសប្តាហ៍ក្រោយនេះនៅរដ្ឋធានីវ៉ាស៉ីនតោន នឹងជាជំនួបលើកទី៦ រវាងលោក យូន និងលោក បៃដិន បន្ទាប់ពីជំនួបកន្លងៗមក ដែលបានបានប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) ទីក្រុងម៉ាឌ្រីដ (អេស៉្បាញ) ទីក្រុងឡុងដ៍ (អង់គ្លេស) ទីក្រុងញូយ៉ក (អាមេរិក) និងទីក្រុងភ្នំពេញ (កម្ពុជា)៕