(មូស្គូ)៖ យោធារុស្ស៉ីបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយវីដេអូមួយ ដើម្បីជ្រើសរើសទាហានជំនាញឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន ដោយបានលើកទឹកចិត្តឱ្យអ្នកដែលមានចំណាប់អារម្មណ៍ បង្ហាញថាពួកគេជា «បុរសពិត» ហើយផ្លាស់ប្តូរពីជីវិតរស់នៅធម្មតា ទៅរកសមរភូមិវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

វីដេអូផ្សព្វផ្សាយខាងលើ ត្រូវបានបញ្ចេញ ក្រោយពីមានរបាយការណ៍ពីចារកម្មយោធាអង់គ្លេស និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីថា ទីក្រុងមូស្គូកំពុងព្យាយាមជ្រើសរើសទាហានអាជីពឱ្យបានរហូតដល់ ៤០០,០០០នាក់ ដោយផ្អែកលើមូលដ្ឋានស្ម័គ្រចិត្ត ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួននៅអ៊ុយក្រែន។ ការផ្សព្វផ្សាយបានអំពាវនាវបុរសៗទាំងអស់ ឲ្យចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៉ី ដើម្បីទទួលបានប្រាក់បៀវត្សរ៍ចាប់ពី ២០៤,០០០រូប្លិ៍ ឬស្មើនឹង ២,៤៩៥ដុល្លារក្នុងមួយខែ។ រហូតមកដល់ពេលនេះ វីដេអូនេះត្រូវបានចេញផ្សាយនៅលើ បណ្តាញទំនាក់ទំនងសង្គមធំៗរបស់រុស្ស៉ី។

គួរបញ្ជាក់ថា ក្រោយការប្រកាសកែនទ័ពកាលពីខែកញ្ញា ឆ្នាំមុន ជាពេលដែលបានជំរុញឲ្យបុរសរុស្ស៉ីរាប់ម៉ឺននាក់ភៀស ខ្លួនចេញពីប្រទេសនោះ អាជ្ញាធររុស្ស៉ីកំពុងបដិសេធពីលទ្ធភាពនៃការកែនទ័ពជាលើកទីពីរ ដោយប្តូរមកជាការស្វែងរកជ្រើសរើស អ្នកស្ម័គ្រចិត្តជំនួសវិញ៕