(យូអិន)៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា កុមារប្រហែល៦៧លាននាក់ បានខកខានដោយផ្នែក ឬទាំងស្រុងតែម្តង ក្នុងការទទួលចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក កាលពីចន្លោះឆ្នាំ២០១៩-២០២១ ដោយសារតែវិធានការបិទខ្ទប់ និងការរំខានចំពោះសេវាថែទាំសុខភាព ដែលបង្កឡើងដោយវិបត្តិជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។
យូនីសេហ្វ (UNICEF) ដែលជាទីភ្នាក់ងារកុមាររបស់ UN បានលើកឡើងថា ភាពរីកចម្រើនជាង១ទសវត្សរ៍ ក្នុងយុទ្ធនាការផ្តល់ការចាក់វ៉ាក់សាំងឱ្យបានជាទូទៅ ដល់កុមារនៅជុំវិញពិភពលោក បានរងការប៉ះពាល់យ៉ាងខ្លាំង ហើយការជំរុញវាឱ្យត្រឡប់ទៅរកគន្លងដើមវិញ នឹងជាបញ្ហាប្រឈមដ៏លំបាកមួយ។ បើតាម UNICEF ក្នុងចំណោមកុមារ៦៧លាននាក់នោះ គឺ៤៨លាននាក់ ខកខានមិនបានទទួលការចាក់វ៉ាក់សាំងទាំងស្រុងតែម្តង។ ការចាក់វ៉ាក់សាំងក្នុងចំណោមកុមារ មានការថយចុះ នៅតាមប្រទេសចំនួន១១២ ហើយអត្រាក្មេងៗ ដែលបានចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក បានថយចុះ៥ពិន្ទុ គឺធ្លាក់ដល់៨១ភាគរយ ដែលជាកម្រិតទាបមិនធ្លាប់ឃើញ ចាប់តាំងពីឆ្នាំ២០០៨មក។ តំបន់ដែលរងការប៉ះពាល់ខ្លាំងជាងគេ គឺតំបន់អាហ្រ្វិកនិងអាស៉ីខាងត្បូង។
គួរបញ្ជាក់ថា វ៉ាក់សាំងជួយសង្រ្គោះជីវិតមនុស្ស៤.៤លាននាក់ជារៀងរាល់ឆ្នាំ ខណៈ UN ជឿជាក់ថា អាចនឹងកើនដល់៥.៨លាននាក់ នៅត្រឹមឆ្នាំ២០៣០ ប្រសិនបើមហិច្ឆតា «មិនទុកនរណាម្នាក់ចោល» របស់ខ្លួន អាចសម្រេចបានតាមគោលដៅ។ មុនពេលរកឃើញវ៉ាក់សាំងនៅឆ្នាំ១៩៦៤ ជំងឺកញ្រ្ជឹលបានសម្លាប់មនុស្សប្រហែល ២.៦លាននាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនជាកុមារ ប៉ុន្តែនៅត្រឹមឆ្នាំ២០២១ តួលេខនោះបានថយមកនៅ២៨,០០០នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ កាលពីចន្លោះឆ្នាំ ២០១៩-២០២១ អត្រាកុមារដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល បានថយពី៨៦ភាគរយ មកនៅ៨១ភាគរយ ហើយចំនួនករណីអ្នកកើតជំងឺនេះនៅឆ្នាំ២០២២ បានកើនទ្វេដង ធៀបនឹងឆ្នាំ២០២១៕