(ប៊ុយដាប៉ែស)៖ រដ្ឋមន្ត្រីកសិកម្មរបស់ប្រទេសហុងគ្រី លោក អ៉ីសវ៉ាន ណាហ្គី (Istvan Nagy) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងព្រុចសែល (Brussels) ឲ្យដឹងថា ហុងគ្រី នឹងបន្តអនុញ្ញាតឲ្យមានការដឹកជញ្ជូនឆ្លងកាត់ នូវគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដោយធានាគ្រប់គ្រងលើការដឹកជញ្ជូននេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋហុងគ្រី MTI ក៏បានដកស្រង់សម្តីរបស់លោក ណាហ្គី ដែលបាននិយាយកាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះថា ការពិភាក្សាកំពុងដំណើរការលើផលិតផលបន្ថែមទៀត ដែលអាចស្ថិតនៅក្រោមការហាមឃាត់ការនាំចូលនាពេលបច្ចុប្បន្ន បន្ថែមពីលើស្រូវសាលី ពោត គ្រាប់ rapeseed និងផ្កាឈូករ័ត្ន។ គណៈកម្មការអឺរ៉ុប បានឲ្យដឹងផងដែរថា ខ្លួននឹងចាត់វិធានការការពារជាបន្ទាន់សម្រាប់ស្រូវសាលី ពោត គ្រាប់ផ្កាឈូករ័ត្ន និង rapeseed បន្ទាប់ពីមានពាក្យបណ្តឹងរួមគ្នាពីសំណាក់ប្រទេសប៊ុលហ្ការី ហុងគ្រី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី កាលពីចុងខែមីនា។

លោក ណាហ្គី បានគូសបញ្ជាក់ថា «វាពិតជាមានប្រយោជន៍សម្រាប់ហុងគ្រីក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងការពារផលប្រយោជន៍របស់កសិករហុងគ្រី» ដែលនេះថាជាការចាត់វិធានការបន្ថែមដើម្បីបង្ខំឲ្យទីក្រុងព្រុចសែលធ្វើសកម្មភាព។

គួរបញ្ជាក់ថា នេះជាការអនុញ្ញាតឲ្យគ្រាប់ធញ្ញជាតិនាំចូលទៅក្នុងប្រទេសទាំង ៥ពីអ៊ុយក្រែន ប្រសិនបើពួកគេត្រូវបានកំណត់សម្រាប់ការនាំចេញ ទៅកាន់សមាជិកសហភាពអឺរ៉ុបផ្សេងទៀត ឬទៅកាន់ប្រទេសដទៃទៀតនៃពិភពលោក។ វិធានការនេះនឹងបន្តរហូតដល់ចុងខែមិថុនា។ ប្រទេសទាំងនោះបានក្លាយជាផ្លូវដឹកជញ្ជូនឆ្លងកាត់ នូវគ្រាប់ធញ្ញជាតិអ៊ុយក្រែនដែលមិនអាចនាំចេញតាមរយៈកំពង់ផែសមុទ្រខ្មៅបាន ព្រោះតែការឈ្លានពានរបស់រុស្ស៉ី៕