(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន ព្រមទាំងមន្រ្តីអង្គការណាតូ (NATO) បានប្រាប់ថា ប្រមុខអង្គការ NATO លោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) បានមកដល់ទីក្រុងកៀវនៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនបានប្រកាសឱ្យដឹងជាមុនឡើយ ដែលវាជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក នៅអ៊ុយក្រែន គិតចាប់តាំងពី ការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។
សារព័ត៌មានអ៊ុយក្រែន Kyiv Independent បានចុះផ្សាយរូបភាពមួយចំនួន បង្ហាញពីសកម្មភាពលោក ស្តូលថិនបឺគ នៅទីក្រុងកៀវ ខណៈមន្រ្តីណាតូម្នាក់ក៏បានបញ្ជាក់ដែរថា លោកអគ្គលេខាធិការណាតូ ពិតជាកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនមែន ប៉ុន្តែព័ត៌មានបន្ថែមនឹងត្រូវបញ្ចេញក្នុងពេលឆាប់ៗ។ ក្រុមមន្រ្តីក៏ដូចជាមេដឹកនាំលោកខាងលិចជាច្រើន ដែលបានមកទស្សនកិច្ចនៅអ៊ុយក្រែន គឺមិនបានប្រកាសជាសាធារណៈ ឱ្យដឹងជាមុនអំពីគម្រោងធ្វើដំណើររបស់ពួកគេឡើយ ដោយសារហេតុផលសន្តិសុខ។
គួរបញ្ជាក់ថា វត្តមានរបស់លោក ស្តូលថិនបឺគ នៅអ៊ុយក្រែន នាពេលនេះ គឺកើតមានឡើង ស្របពេលដែលសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានអូសបន្លាយរយៈពេល១៤ខែ ខណៈ NATO ធ្លាប់បានប្តេជ្ញាថានឹងបន្តការគាំទ្រ ដរាបណាអ៊ុយក្រែននៅប្រយុទ្ធតទល់ការឈ្លានពានរបស់រុស្ស៉ី។ ក្នុងខែមេសានេះ លោក ស្តូលថិនបឺគ ក៏បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យចូលរួមកិច្ចប្រជុំកំពូល NATO មួយ នៅខែកក្កដា ខាងមុខ ថែមទៀតផង៕