(ស៉ីដនី)៖ នៅថ្ងៃព្រហស្បតិ៍នេះ បាតុភូតសូរ្យគ្រាសបានទាក់ទាញឱ្យមនុស្សរាប់ពាន់នាក់ ធ្វើដំណើរទៅកាន់ក្រុងដាច់ស្រយាលតូចមួយ ស្ថិតនៅបណ្តោយឆ្នេរភាគខាងលិច នៃប្រទេសអូស្រ្តាលី ដើម្បីទស្សនាព្រឹត្តិការណ៍នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

ពួកគេបាននាំគ្នាធ្វើដំណើរទៅកាន់ក្រុងអ៉ិចម៉ោស (Exmouth) ដែលជាក្រុងតូចមួយជាប់មាត់សមុទ្រ ចម្ងាយប្រហែល១,២០០គីឡូម៉ែត្រ ពីទីក្រុងផឺស (Perth) ដែលជារដ្ឋធានីនៃរដ្ឋអូស្រ្តាលីខាងលិច ដើម្បីទស្សនាបាតុភូតសូរ្យគ្រាស ដែលបានលេចឡើងក្នុងលក្ខណៈពេញលេញ ហៅថា total solar eclipse។ បាតុភូតនោះ បានឈានដល់ចំណុចកំពូល កាលពីម៉ោង១១៖២៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ពេលវេលាក្នុងតំបន់) នៅពេល​ផ្ទៃព្រះចន្ទកំបាំងពីខាងមុខផ្ទៃព្រះអាទិត្យ រយៈពេលប្រមាណ១នាទី រួចធ្វើឱ្យផ្ទៃមេឃស្ថិតក្នុងសភាពងងឹត ហើយសីតុណ្ហភាពថយចុះ។

គួរបញ្ជាក់ថា ខណៈបាតុភូតសូរ្យគ្រាសពេញលេញខាងលើ អាចត្រូវបានមើលឃើញតែពីតំបន់មួយចំនួនតូច នៅប្រទេសអូស្រ្តាលី ឥណ្ឌូណេស៉ី និងទីម័រខាងកើតប៉ុណ្ណោះនោះ វាក៏អាចត្រូវបានមើលឃើញក្នុងលក្ខណៈមិនពេញលេញ នៅពាសពេញប្រទេសទាំង៣ ព្រមទាំងផ្នែកខ្លះ​នៃតំបន់អាស៉ីអាគ្នេយ៍ផងដែរ។ ដោយឡែក នៅពាក់កណ្តាលខែតុលា ឆ្នាំនេះ ព្រឹត្តិការណ៍សូរ្យគ្រាសមួយទៀត ក៏នឹងកើតមានឡើងនៅលើ​ផែនដីយើង ម្តុំតំបន់ទ្វីបអាមេរិកខាងជើងនិងខាងត្បូង ថែមទៀតផង៕