(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងសេអ៊ូលថាតើគួរឬមិនគួរបញ្ជូនជំនួយជាសព្វាវុធ ឱ្យទៅទីក្រុងកៀវនោះ គឺអាស្រ័យលើសកម្មភាពរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា «កូរ៉េខាងត្បូងមិនអាចឱបដៃឈរមើលឡើយ ប្រសិនបើមានការសម្លាប់រង្គាលដែលសហគមន៍អន្តរជាតិ ថ្កោលទោសនោះ។ អ្វីដែលអាចកើតឡើងបន្ទាប់ គឺអាស្រ័យទៅលើរុស្ស៉ី។ លុះត្រាតែមានជនស៉ីវិលស្លាប់ ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មួយ គឺគោលជំហរបច្ចុប្បន្នរបស់យើង នៅរក្សាដដែល»។
ក្នុងសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយថា ប្រសិនមានស្ថានការណ៍មួយ ដែលសហគមន៍អន្តរជាតិពុំអាចអត់ឱនឱ្យបាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំលើជនស៉ីវិលជាដើមនោះ គឺវាប្រហែលជាពិបាកសម្រាប់ឱ្យប្រទេសលោក បន្តគាំទ្រអ៊ុយក្រែនតែផ្នែកមនុស្សធម៌និងហិរញ្ញវត្ថុ។
ការឱ្យតំរុយពីលទ្ធភាពផ្តល់ជំនួយសព្វាវុធខាងលើ បានជំរុញឱ្យទីក្រុងមូស្គូបានចេញមុខព្រមានភ្លាមៗចំពោះទីក្រុងសេអ៊ូល ដោយចោទកូរ៉េខាងត្បូងថាប្រកាន់ជំហរអមិត្ត ហើយថាវាមានន័យស្មើនឹង កូរ៉េខាងត្បូងក៏ចាប់ផ្តើមចូលរួមពាក់ព័ន្ធនៅកម្រិតមួយ ក្នុងជម្លោះអ៊ុយក្រែនផងដែរ។ ទីក្រុងសេអ៊ូលមានគោលនយោបាយជាយូរមកហើយ ប្រឆាំងនឹងផ្តល់សព្វាវុធដល់ប្រទេស ដែលស្ថិតក្នុងជម្លោះប្រដាប់អាវុធ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន កូរ៉េខាងត្បូងបានចូលរួមគាំទ្រការដាក់ទណ្ឌកម្ម ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងមូស្គូ ហើយបានបញ្ជូនជំនួយមនុស្សធម៌និងហិរញ្ញវត្ថុដល់ទីក្រុងកៀវ។ ទន្ទឹមគ្នា ប្រទេសអាស៉ីបូព៌ាមួយនេះ ក៏បានចុះកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារស្តីពីការលក់សព្វាវុធ រួមមានដូចជារថក្រោះ និងកាំភ្លើងដល់ប៉ូឡូញដែលជាប្រទេសដ៏សកម្មមួយ ដែលបាននិងកំពុងជួយជ្រោមជ្រែងអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ថែមទៀតផង៕