(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ប្រជាជនសរុបកើនដល់ប្រហែល២.៤លាននាក់ បាននាំគ្នាទៅស្វែងរក​ការព្យាបាលនៅមន្ទីរពេទ្យ ក្រោយជួបបញ្ហាសុខភាព ដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហានៃការបំពុលខ្យល់អាកាស គិតចាប់តាំងពីដើមឆ្នាំនេះ ខណៈដែល​​ផ្នែកនៃប្រទេសថៃ បាននិងកំពុងបន្តគ្របដណ្តប់ដោយ ផ្សែងនិងអ័ព្ទពោរពេញដោយសារធាតុពុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២៣។

យោងតាមកម្មវិធីតាមដានគុណភាពខ្យល់អន្តរជាតិ IQAir នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រាជធានីបាងកកនិងទីក្រុងឆៀងម៉ៃ (Chiang Mai) នៅ​ភាគខាងជើងប្រទេស ស្ថិតក្នុងចំណោមទីក្រុងដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេបំផុត នៅលើពិភពលោក។ មន្រ្តីជាន់ខ្ពស់ម្នាក់របស់​ក្រសួងសុខាភិបាលថៃបានឱ្យដឹងថា ការធ្លាក់ចុះដុនដាបនៃគុណភាពខ្យល់ បានបង្ខំឱ្យមនុស្សសរុប២.៤លាននាក់ហើយ ត្រូវទៅស្វែងរក​ការព្យាបាលពីគ្រូពេទ្យ គិតចាប់តាំងពីដើមឆ្នាំ២០២៣ ខណៈក្នុងសប្តាហ៍នេះតែឯងប៉ុណ្ណោះ គឺមានអ្នកចូលមន្ទីរពេទ្យដល់ទៅ ១៨៤,៤៦៥នាក់។

បញ្ហាទាក់ទងនឹងផ្លូវដង្ហើម រួមជាមួយបញ្ហារលាកស្បែក ក្រហាយផ្នែក និងឈឺបំពង់ក គឺសុទ្ធតែស្ថិតក្នុងចំណោមបញ្ហាសុខភាពទូទៅបំផុត ដែលអ្នកជំងឺទាំងនោះបានប្រឈម ដោយសារការបំពុលខ្យល់ក្នុងប្រទេសថៃ។ ខាងអាជ្ញាធរថៃបានណែនាំឱ្យប្រជាជនប្រើប្រាស់ម៉ាស N95 ដែលមានគុណភាពខ្ពស់ដើម្បីទប់ទល់ការបំពុល ហើយកុំបើកចំហទ្វារ-បង្អួច ក៏ដូចជាកាត់បន្ថយការចំណាយពេលនៅខាងក្រៅ បើមិនមានភាពចាំបាច់។

គួរបញ្ជាក់ថា យោងតាមក្រុមអ្នកជំនាញ ការបំពុលខ្យល់នៅតាមផ្នែកនៃប្រទេសថៃ គឺជាចម្បងបណ្តាលមកពីផ្សែងកើតចេញពីភ្លើងឆេះព្រៃ និងការដុតកាកសំណល់កសិកម្ម។ ប្រទេសថៃមានប្រជាជនរស់នៅសរុបជាង៧០លាននាក់ ហើយបញ្ហាគុណភាពខ្យល់អាកាសបាន​ក្លាយជាបញ្ហាក្តៅមួយ នៅមុនការបោះឆ្នោតសកលរបស់ ប្រទេសអាស៊ានមួយនេះ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៤ ឧសភាខាងមុខ ខណៈដែល​រដ្ឋាភិបាលថៃបច្ចុប្បន្ន កំពុងរងការចោទប្រកាន់ថា មិនបានប្រឹងប្រែងគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហានេះ៕