(មូស្គូ)៖ ក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៊ី Wagner កាលពីថ្ងៃពុធសប្តាហ៍នេះបានបដិសេធថា ខ្លួនមិនមែនកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់ និងមិនមាន ជាប់ពាក់ព័ន្ធក្នុងការប្រយុទ្ធគ្នាដែលកំពុងធ្វើឲ្យរញ្ជួយប្រទេសអាហ្វ្រិកមួយនេះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

ក្រុមមន្រ្តីទូតលោកខាងលិចក្នុងទីក្រុងខាទុំ (Khartoum) បាននិយាយកាលពីខែមីនា ឆ្នាំ២០២២ ថា ក្រុម Wagner មានជាប់ពាក់ព័ន្ធក្នុងការជីកយករ៉ែមាស ខុសច្បាប់នៅស៊ូដង់ ក្នុងចំណោមសកម្មភាពផ្សេងទៀត ខណៈស៊ូដង់បានបដិសេធចំពោះករណីនេះ។

តាមរយៈបណ្តាញតេឡេក្រាម Wagner Group បានបញ្ជាក់ថា «ដោយសារតែមានការសាកសួរជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សេងៗអំពីប្រទេសស៊ូដង់ ដែលភាគច្រើន ជាការបង្ករឿង យើងចាត់ទុកថាវាចាំបាច់ដើម្បីជូនដំណឹងដល់មនុស្សគ្រប់គ្នាថាក្រុម Wagner មិនមានវត្តមាននៅស៊ូដង់អស់រយៈពេលជាង ២ឆ្នាំមកហើយ។ Wagner មិនមានទំនាក់ទំនងអស់រយៈពេលជាយូរ ជាមួយមេដឹកនាំយោធានៃប្រទេសស៊ូដង់ លោកឧត្តមសេនីយ អាប់ឌែល ហ្វាតាស អាល់ បួហាន់ (Abdel Fattah al-Burhan) ឬលោកឧត្តមសេនីយ៍ មហាំម៉ាត់ ហាំដាន់ ដាហ្គាឡូ (Mohamed Hamdan Dagalo) ដែលកងកម្លាំងរបស់ពួកគេគឺជាចំណុចស្នូលនៃជម្លោះបច្ចុប្បន្ន»

គួរបញ្ជាក់ថា ទាហានស៊ីឈ្នួល Wagner ដែលកាលពីអតីតកាលត្រូវបានដាក់ពង្រាយប្រឆាំងនឹងក្រុមបះបោរនៅក្នុងប្រទេសម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល បច្ចុប្បន្នកំពុងដឹកនាំការធ្វើសង្រ្គាមដើម្បីដណ្តើមយកទីក្រុងបាកមូត (Bakhmut) ភាគខាងកើតអ៊ុយក្រែន៕