(ខាទុំ)៖ ការប៉ុនប៉ងបង្កើតបទឈប់បាញ់ថ្មីមួយរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងរដ្ឋធានីខាទុំ (Khartoum) រហូតមកដល់ពេលនេះនៅមិនទាន់ទទួលបាន ជោគជ័យទេ ដែលបង្កើនការព្រួយបារម្ភអំពីការថយចុះលើការផ្គត់ផ្គង់ស្បៀងអាហារ និងផលប៉ះពាល់ដល់ការផ្តល់សេវាវេជ្ជសាស្រ្តសំខាន់ៗ ខណៈប្រជាជនរាប់ពាន់នាក់ នាំគ្នាភៀសខ្លួនចេញពីរដ្ឋធានី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

បទឈប់បាញ់រយពេល ២៤ម៉ោងដែលបញ្ចុះបញ្ចូលដោយប្រទេសមួយចំនួន ដើម្បីព្យាយាមជម្លៀសពលរដ្ឋរបស់ពួកគេ បន្ទាប់ពីជម្លោះជាច្រើនថ្ងៃ ត្រូវបានគេសន្មត់ថានឹង ចូលជាធរមាននៅម៉ោង ៦ល្ងាច (ម៉ោងក្នុងតំបន់)។ យ៉ាងនេះក្តី សាក្សីនៅរដ្ឋធានីខាទុំ និយាយថា ពួកគេនៅតែឃើញមានការប្រយុទ្ធគ្នាកំពុងបន្ត នៅថ្ងៃពុធសប្តាហ៍នេះ។

នៅព្រឹកថ្ងៃដដែល ការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់កើតមាននៅកណ្តាលរដ្ឋធានីខាទុំ ជុំវិញបរិវេណទីបញ្ជាការកងទ័ព ជាកន្លែងដែលមេដឹកនាំយោធារបស់ប្រទេសស៊ូដង់ លោកឧត្តមសេនីយ៍ អាប់ឌែល ហ្វាតាស អាល់ បួហាន់ (Abdel Fattah al-Burhan) អះអាងថាខ្លួនកំពុងគ្រប់គ្រងកាលពីដើមសប្តាហ៍នេះ។ តែវាមិនច្បាស់ទេថាតើលោកនៅ តែស្ថិតនៅទីនោះឬអត់ នោះទេ។

គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានរបស់ក្រសួងសុខាភិបាលស៊ូដង់ មនុស្សយ៉ាងហោចណាស់ ២៧០នាក់បានស្លាប់ និង ២៦០០នាក់របួសនៅក្នុងការប្រយុទ្ធគ្នា ជិតមួយ សប្ដាហ៍មកនេះ។ កងទ័ពស៊ូដង់ កំពុងព្យាយាមចូលទៅគ្រប់គ្រងរដ្ឋធានី Khartoum ហើយហាក់ដូចជាកំពុងព្យាយាមកាត់ផ្តាច់ផ្លូវរបស់ក្រុមកងកម្លាំងទាហានប៉ារ៉ា (RSF)៕