(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ចំពោះការផ្ដល់ការគាំទ្រ បន្ថែមទៀតសម្រាប់អ៊ុយក្រែន ដោយហៅសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់ខ្លួនមួយនេះថាជា «ដៃគូដ៏គួរឱ្យទុកចិត្ត» ក្នុងការការពារអធិបតេយ្យអ៊ុយក្រែន។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ថ្មីៗនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយថា ប្រទេសរបស់លោកអាចឈាន ទៅហួសពីការផ្តល់ជំនួយមនុស្សធម៌ ឬជំនួយហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ក្នុងកាលៈទេសៈណាមួយ។ ឆ្លើយតបនឹងសំណួរពី Reuters តាមរយៈសារអ៉ីមែល ជុំវិញការអត្ថាធិប្បាយរបស់ លោក យូន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា «កូរ៉េខាងត្បូង គឺជាដៃគូដ៏គួរឱ្យទុកចិត្តមួយក្នុងការការពារសិទ្ធិ អធិបតេយ្យរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពីថ្ងៃដំបូងមកម្ល៉េះ»។ ដោយសុំមិនបញ្ចេញឈ្មោះអ្នកនាំពាក្យរូបនោះ បានបន្ថែមថា «យើងនឹង បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់យើង លើការគាំទ្របន្ថែមសម្រាប់អ៊ុយក្រែន»

គួរបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាអ្នកផលិតគ្រាប់រំសេវសម្រាប់កាំភ្លើងធំ ដ៏សំខាន់មួយ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ទីក្រុងសេអ៊ូល បានព្យាយាមចៀសវាងការបង្កជម្លោះជាមួយរុស្ស៉ី ដោយសារតែការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងក្នុងប្រទេសរុស្ស៉ី និងឥទ្ធិពលរបស់ទីក្រុងមូស្គូ លើកូរ៉េខាងជើង បើទោះបីជាមានសម្ពាធកាន់តែខ្លាំងពីបណ្តាប្រទេសលោកខាងលិច សម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនក៏ដោយ។ ការអត្ថាធិប្បាយរបស់លោក យូន ថ្មីចុងក្រោយនេះ អាចជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរគោលជំហររបស់លោក ទៅនឹងការបំពាក់អាវុធឲ្យអ៊ុយក្រែនជាលើកដំបូង៕