(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ថាប្រព័ន្ធការពារដែនអាកាសអាមេរិក Patriot ត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែនហើយ ដែល នឹងផ្ដល់ឱ្យទីក្រុងកៀវនូវខែលការពារដែលខ្លួនចង់បានជាយូរមកហើយ ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី។ នេះបើតាមការដកស្រង់ចេញ ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០២២ បានសន្យាបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot សម្រាប់អ៊ុយក្រែន។ ប្រព័ន្ធការពារដែនអាកាសនេះមានសមត្ថភាពប្រឆាំង យន្ដហោះចម្បាំង មីស៊ីលគ្រូស និងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី សុទ្ធសឹងជាអាវុធដែលរុស្ស៉ី បាន និងកំពុងប្រើដើម្បីវាយប្រហារតាមផ្លូវអាកាសដោយបានបំផ្លិចបំផ្លាញ ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងសារមួយបង្ហោះលើ Twitter រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន​ លោក អូឡិចស៊ី រ៉េសនីកូវ (Oleksii Reznikov) បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃពុធ ទី១៩ ខែមេសា) ផ្ទៃមេឃដ៏ស្រល់ស្អាតរបស់អ៊ុយក្រែននឹងកាន់តែមានសុវត្ថិភាពជាងមុន»។ ប៉ុន្តែ លោក រ៉េសនីកូវ មិនបានបញ្ជាក់លម្អិតថាតើអ៊ុយក្រែនទទួលបាន ប្រព័ន្ធមីស៊ីល Patriot ចំនួនប៉ុន្មាននោះទេ ដោយគ្រាន់តែបានអរគុណយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តដទៃទៀត។

គួរបញ្ជាក់ថា ក្រៅតែពីប្រព័ន្ធការពារដែនអាកាស Patriot សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO ក៏បានផ្ដល់រថក្រោះកាំភ្លើងធំ រួមទាំងយន្ដហោះចម្បាំងមួយចំនួនឱ្យ អ៊ុយក្រែនផងដែរ សម្រាប់ការធ្វើប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់ខ្លួនដែលរុស្ស៉ីកំពុងកាន់កាប់មកវិញ ឆាប់ៗខាងមុខនេះ៕