(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក អេលី ខូហិន (Eli Cohen) នៅថ្ងៃពុធសប្ដាហ៍នេះបានបង្ហើបពីបំណងចង់បំពេញទស្សនកិច្ចមួយទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលអនាគត ហើយនិយាយថាយ៉ាងហោចប្រទេសអារ៉ាប់មួយបន្ថែមទៀត នឹងភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

លោក អេលី ខូហិន ធ្វើការកត់សម្គាល់ខាងលើប្រាប់វិទ្យុកងទ័ពអ៉ីស្រាអែល កំលុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាស៊ែបៃហ្សង់។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែលរូបនេះ បានលើកឡើងថា «គម្រោងនៃដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត ស្ថិតនៅលើតុរួចជាស្រេច ដោយមិនទាន់មានការកំណត់ កាលបរិច្ឆេទនោះទេ»។ លោកបន្តថានៅក្នុងឆ្នាំនេះ ប្រទេសអារ៉ាប់យ៉ាងហោចមួយបន្ថែមទៀតអាចនឹងចូលរួមជាមួយកិច្ចព្រមព្រៀងសន្តិសុខ Abraham Accords ដោយមិនបានលម្អិតអ្វីនោះទេ។ ប៉ុន្តែបានឱ្យដឹងថាបញ្ហាផ្សះផ្សារទំនាក់ទំនងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត អាចនឹងត្រូវបានលើកឡើងនៅក្នុងជំនួបរវាងសមាជិក ព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក លីនស៉ី ក្រាហាំ (Lindsey Graham) ជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន នៅក្នុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា​ កាលពីឆ្នាំ២០២០ អ៉ីស្រាអែល បានចុះកិច្ចព្រមព្រៀងសន្តិភាព Abraham Accords ជាមួយអេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក ក្រោមការសម្របសម្រួល របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕