(ឡុងដ៏)៖ ទីភ្នាក់ងារការពារអ៉ីនធឺណិតរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃពុធនេះបានព្រមានអំពីការគំរាមកំហែង ដែលកំពុងកើតមាន ចំពោះហេដ្ឋារចនាសម្ព័ន្ធជាតិដ៏សំខាន់របស់លោកខាងលិច ដែលបង្កឡើងដោយក្រុម Hacker (អ្នកលុកលុយផ្នែកព័ត៌មានវិទ្យា) ដែលចគាំទ្ររុស្ស៉ីក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

មជ្ឈមណ្ឌលសន្តិសុខតាមអ៉ីនធឺណិតជាតិរបស់ចក្រភពអង់គ្លេស (NCSC) ដែលជាផ្នែកមួយនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់រដ្ឋាភិបាល បានឲ្យដឹងថា ក្រុម hacker ដែលគាំទ្ររុស្ស៉ីបានអនុវត្តយុទ្ធនាការអនឡាញ ដែលបើទោះបីជា នៅមិនទាន់បង្កគ្រោះថ្នាក់ធំក្តី ប៉ុន្តែក្រុមមួយចំនួនក្នុងចំណោមក្រុមទាំងនោះ បាននិងកំពុងរៀបចំផែនការយ៉ាងសកម្ម ដើម្បីធ្វើឱ្យមានការខូចខាតធ្ងន់ធ្ងរពិតជាក់ស្តែងតែម្តង។

NCSC បានឲ្យដឹងបន្ថែមថា ក្រុមខ្លះបានបង្ហាញពីបំណងដើម្បីសម្រេចបាននូវផលប៉ះពាល់ ដែលរំខាននិងបំផ្លិចបំផ្លាញបន្ថែមទៀត ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗរបស់ប្រទេសលោកខាងលិច រួមទាំងនៅចក្រភពអង់គ្លេសផងដែរ។ ក្រុមទាំងនោះនឹងស្វែងរកឱកាសដើម្បីបង្កើតផលប៉ះពាល់ ជាពិសេសប្រសិនបើប្រទេសទាំងឡាយណា មានប្រព័ន្ធគ្រប់គ្រងព័ត៌មានខ្សោយ។

គួរបញ្ជាក់ថា ទោះបីជាក្រុមទាំងនេះមានមនោគមវិជ្ជាជំរុញចិត្ត និងធ្វើសកម្មភាពស្របតាមផលប្រយោជន៍ឲ្យរុស្ស៉ី ក៏ពួកគេមិនស្ថិតនៅក្រោមការគ្រប់គ្រងជាផ្លូវការណាមួយទេ។ ការវាយប្រហារតាមអ៉ីនធឺណិតដោយជោគជ័យ លើហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ដូចជាបណ្តាញថាមពល ឬការផ្គត់ផ្គង់ទឹកអាចមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង និងធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ពិភពលោក៕