(ប៊ែន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ គ្រោងឆ្អឹងសត្វដាយណូស័រ T-Rex ដ៏ធំមួយ ដែលជាអម្បូរសត្វធ្លាប់រស់នៅលើផែនដីយើង កាលពី៦៧លានឆ្នាំមុន ត្រូវបានលក់ក្នុងតម្លៃ៥.៥លានហ្រ្វង់ស្វីស (Swiss francs) ឬស្មើនឹង៦.១៣លានដុល្លារអាមេរិក ក្នុងការដាក់លក់ដេញថ្លៃមួយ នៅឯទីក្រុងហ៊្សូរិច (Zurich) ខណៈចំនួនទឹកប្រាក់នោះ គឺតិចជាងការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

ដោយមានកម្ពស់ប្រវែង៣.៩ម៉ែត្រ និងបណ្តោយប្រវែង១១.៦ម៉ែត្រ ដាយណូស័រខាងលើដែលមានឈ្មោះសម្គាល់ថា TRX-293 TRINITY គឺជាគ្រោងឆ្អឹងផ្សំឡើងពី បំណែកឆ្អឺងសរុបចំនួន២៩៣បំណែក បានមកពី T-Rex ៣ក្បាលផ្សេងគ្នា ដែលត្រូវបានរកឃើញ​កាលពីចន្លោះឆ្នាំ២០០៨-២០២៣ នៅរដ្ឋម៉ុនតាណា (Montana) និងរដ្ឋវីយ៉ូមីង (Wyoming) របស់សហរដ្ឋអាមេរិក។ អ្នកទិញម្នាក់ដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ បានដាក់ដេញថ្លៃក្នុងទឹកប្រាក់ចំនួន៤.៨លានហ្រ្វង់ស្វីស ដែលជាចំនួនច្រើនជាងគេ ប៉ុន្តែវាតិចជាងទឹកប្រាក់ចន្លោះ៥-៨លានហ្វ្រង់ស្វីស ដែលត្រូវបានរំពឹងទុក។ តម្លៃលក់ចុងក្រោយនៃគ្រោងឆ្អឹងដាយណូស័រនោះ បានកើនដល់៥.៥លានហ្រ្វង់ស្វីស ក្រោយបូកបន្ថែមនូវថ្លៃបន្ទាប់បន្សំផ្សេងៗ។

គួរ​បញ្ជាក់ថា វាគឺជាលើកដំបូងបំផុតនៅអឺរ៉ុប និងជាលើកទី៣នៅលើពិភពលោក ដែលគ្រោងឆ្អឹងដាយណូស័រ T-Rex មួយទាំងមូល ហើយស្ថិតក្នុងគុណភាពយ៉ាងល្អឥតខ្ចោះ ត្រូវបានដាក់លក់ដេញថ្លៃបែបនេះ។ សម្រាប់ គ្រោងឆ្អឹង T-Rex ២ទៀត ដែលត្រូវបានរក​ឃើញនៅតំបន់អាមេរិកខាងជើងដូចគ្នា ហើយមានឈ្មោះថា ស៊ូ (Sue) និងស្ទេន (Stan) គឺត្រូវបានលក់ក្នុងតម្លៃ៨.៤លានដុល្លារ និង៣១លានដុល្លារ កាលពីឆ្នាំ១៩៩៨ និងឆ្នាំ២០២០៕