(វ៉ាស៉ីនតោន)៖ ក្នុងសប្តាហ៍នេះ ក្រុមសកម្មជនបាននិយាយថា កាំភ្លើងរបស់សហរដ្ឋអាមេរិក ដែលភាគច្រើននាំចេញដោយខុសច្បាប់ គឺកំពុងហូរចូលទៅកាន់តំបន់អាមេរិកឡាទីន ដូចជាទឹកទន្លេយ៉ាងដូច្នោះ ហើយធ្លាក់ទៅដល់ដៃរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក៏ដូចជាកងកម្លាំងសន្តិសុខដែលរំលោភអំណាច ហើយពួកគេបានអំពាវនាវមានការគ្រប់គ្រង និងត្រួតពិនិត្យតឹងរ៉ឹងខ្លាំងជាងមុន ដោយច្បាប់និងបណ្តាទីភ្នាក់ងារពាក់ព័ន្ធរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។
ទីភ្នាក់ងារគ្រប់គ្រងកាំភ្លើងអាមេរិក ATF បានបានបង្ហាញថា ជាងពាក់កណ្តាលនៃកាំភ្លើង ដែលត្រូវបានប្រើប្រាស់ក្នុងបទឧក្រិដ្ឋនៅឯតំបន់អាមេរិកកណ្តាល គឺមានប្រភពពីសហរដ្ឋអាមេរិក ហើយអត្រានេះគឺជិត៧០ភាគរយ សម្រាប់ប្រទេសម៉ិកស៉ិក និងខ្ទង់៨០ភាគរយ សម្រាប់បណ្តាប្រទេសនៅតំបន់សមុទ្រការីបង់។ ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងវ៉ាស៉ីនតោន លោកស្រី អេលីហ្សាបេត បឺគ (Elizabeth Burke) នៃអង្គការទប់ស្កាត់អំពើហិង្សាកាំភ្លើង GAGV បាននិយាយថា វាគឺជាទន្លេនៃកាំភ្លើង ដែលកំពុងហូរចូលទៅកាន់បណ្តាប្រទេសនៅភាគខាងត្បូង គឺលោកស្រីចង់សំដៅលើតំបន់អាមេរិកឡាទីន។
លោកស្រី Burke បានស្នើឱ្យមានច្បាប់តឹងរ៉ឹង ដើម្បីរារាំងកុំឱ្យក្រុមហ៊ុនផលិតកាំភ្លើង អាចលក់កាំភ្លើងរបស់ពួកគេឱ្យទៅហាងលក់ដូរ ដែលមានគោលការណ៍ធូររលុង។ លោកស្រីបន្តថា ក្រុមហ៊ុនផលិតកាំភ្លើង ក៏គួរតែឈប់លក់អាវុធដែលអាចបាញ់ទម្លុះអាវក្រោះ និងកាំភ្លើងដែលអាចកែច្នៃយ៉ាងងាយ ដើម្បីបាញ់ចេញម្តងរាប់រយគ្រាប់ផងដែរ។ ចំណែកសកម្មជនម្នាក់ទៀតនៃយុទ្ធនាការ Stop US Arms to Mexico បានបន្ថែមថា ភាពធូររលុងនៃការផ្តល់អាជ្ញាបណ្ណនិងការអនុវត្តច្បាប់គ្រប់គ្រងកាំភ្លើើង បានជួយផ្តល់ភាពងាយស្រួយ ចំពោះលំហូរកាំភ្លើងឆ្លងព្រំដែន រួមមានទាំងអាវុធគុណភាពខ្ពស់ៗ ដែលចង់បានដោយក្រុមឧក្រិដ្ឋជនទៀតផង។
កាលពីខែមុន រដ្ឋចំនួន១៦នៅសហរដ្ឋអាមេរិក រួមជាមួយរដ្ឋាភិបាលនៃប្រទេសមួយចំនួន នៃតំបន់ការីបង់ បានបង្ហាញការគាំទ្រចំពោះបណ្តឹងឧទ្ធរណ៍របស់ម៉ិកស៉ិក នៅក្នុងសំណុំរឿងប្រឆាំងក្រុមហ៊ុនផលិតកាំភ្លើងអាមេរិក ដែលមានគោលដៅចង់ឱ្យក្រុមហ៊ុនទាំងនោះទទួលខុសត្រូវ សម្រាប់ការចូលរួមចំណែកជួយដល់ សកម្មភាពរត់ពន្ធកាំភ្លើងឆ្លងព្រំដែន។
គួរបញ្ជាក់ថា យោងតាមទិន្នន័យរដ្ឋាភិបាលអាមេរិក កាលពីឆ្នាំ២០២២ ប្រាក់ចំណូលមកពីនាំចេញកាំភ្លើងដោយស្របច្បាប់ ទៅកាន់តំបន់អាមេរិកឡាទីនបានកើនឡើង៨ភាគរយ ដោយការលក់ភាគច្រើនគឺទៅកាន់ប្រេស៉ីល ម៉ិកស៉ិក ក្វាតេម៉ាឡា និងកូឡុំប៊ី៕