(ញូដេលី)៖ ទិន្នន័យដែលបញ្ចេញដោយអង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធនេះ បានបង្ហាញថា ឥណ្ឌាកំពុងឆ្ពោះទៅ​ក្លាយជាប្រទេស ដែលមានប្រជាជនច្រើនជាងគេបង្អស់ នៅលើពិភពលោក ដោយនឹងលើសប្រជាជនរបស់ចិនក្នុងចំនួនជិត៣លាននាក់ នៅ​ពាក់កណ្តាលឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

ទិន្នន័យរបស់ UN បានធ្វើការប៉ាន់ប្រមាណថា ចំនួនប្រជាជនឥណ្ឌានឹងកើនដល់១.៤២៨៦ពាន់លាននាក់ ធៀបនឹងប្រជាជនចិនចំនួន ១.៤២៥៧ពាន់លាននាក់។ រីឯប្រទេសដែលមានចំនួនប្រជាជនជាប់ចំណាត់ថ្នាក់លេខ៣ ប៉ុន្តែតិចជាងចិននិងឥណ្ឌាយ៉ាងឆ្ងាយនោះ គឺសហរដ្ឋអាមេរិក ដែលនឹងមានប្រជាជនកើនដល់ ៣៤០លាននាក់។ UN បានគូសបញ្ជាក់ថា ទិន្នន័យខាងលើគឺឆ្លុះបញ្ចាំងព័ត៌មាន ដែលប្រមូលបានគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣។

របាយការណ៍របស់ UN មិនបានកំណត់ពេលវេលាជាក់លាក់ ដែលចំនួនប្រជាជនឥណ្ឌា នឹងចាប់ផ្តើមកើនលើសចំនួនប្រជាជនចិននោះទេ ប៉ុន្តែកន្លងមក ក្រុមអ្នកជំនាញផ្នែកប្រជាសាស្រ្ត ដែលប្រើប្រាស់ទិន្នន័យពីមុនមករបស់ UN ធ្លាប់បានព្យាករថា ឥណ្ឌានឹងចាប់ផ្តើមមានប្រជាជន​លើសចិនក្នុងខែមេសានេះ។

គួរបញ្ជាក់ថា ស្របពេលដែលឥណ្ឌានិងចិន នឹងទទួលបន្ទុកជាង១ភាគ៣ នៃចំនួនប្រជាជនសរុបនៅលើពិភពលោក គឺ៨.០៤៥ពាន់លាន​នាក់នោះ អត្រាកំណើនប្រជាជននៅក្នុងប្រទេសមហាយក្សអាស៉ីទាំងពីរ គឺបាននិងកំពុងកាន់តែយឺតទៅៗ ជាពិសេសនៅក្នុងប្រទេសចិន។ កាលពីឆ្នាំ២០២២ ចំនួនប្រជាជនចិនបានថយចុះជាលើកដំបូង ក្នុងរយៈពេល៦ទសវត្សរ៍ ខណៈអត្រាកំណើនប្រជាជនប្រចាំឆ្នាំរបស់ឥណ្ឌា ជាមធ្យមស្ថិតនៅកម្រិត១.២ភាគរយ ចាប់តាំងពីឆ្នាំ២០១១មក ធៀបនឹង១.៧ភាគរយ កំលុងរយៈពេល១០ឆ្នាំមុននោះ៕