(វ៉ាស៉ីនតោន)៖ យោងតាមកាសែតអាមេរិក Washington Post ឯកសារព័ត៌មានសម្ងាត់របស់យោធាអាមេរិក ដែលបែកធ្លាយបាននិយាយថា យោធាចិនប្រហែលអាចនឹងចាប់ផ្តើមប្រើប្រាស់ យន្តហោះដ្រូនឈ្លបការណ៍ប្រភេទថ្មី ដែលធ្វើប្រតិបត្តិការនៅរយៈកម្ពស់ខ្ពស់ ហើយអាចធ្វើដំណើរក្នុងល្បឿន លឿនជាងល្បឿនសំឡេង​យ៉ាងហោច៣ដង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

កាសែត Washington Post បានរាយការណ៍ដូចខាងលើ ដោយផ្អែកលើឯកសារសម្ងាត់ របស់ទីភ្នាក់ងារប្រមូលព័ត៌មានសម្ងាត់ NGA នៃក្រសួងការពារជាតិអាមេរិក។ ក្នុងឯកសារនោះរួមមាននូវរូបភាពពីផ្កាយរណប ចុះកាលបរិច្ឆេទថ្ងៃទី៩ ខែសីហា ដែលបង្ហាញឱ្យឃើញ ដ្រូនឈ្លបការណ៍ដែលដំណើរការដោយម៉ាស៉ីនរ៉ុក្កែត ហៅថា WZ-8 ចំនួន២គ្រឿង ស្ថិតក្នុងមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅភាគខាងកើត​ប្រទេសចិន។ ការវាយតម្លៃរបស់អាមេរិកបាននិយាយថា យោធាចិនទំនងជាបានបង្កើត អង្គភាពដ្រូនដំបូងរបស់ខ្លួននៅមូលដ្ឋាននោះ ហើយអាចនឹងចាប់ផ្តើមប្រើប្រាស់ពួកវា ក្នុងពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា យន្តហោះដ្រូន WZ-8 ត្រូវបានបង្ហាញរូបរាងជាសាធារណៈជាលើកដំបូង កំលុងព្យុហយាត្រាអបអរខួបទី៧០ នៃថ្ងៃកំណើតរបស់​សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ហើយក្រោយមកក៏ត្រូវបានតាំងបង្ហាញ កំលុង​ព្រឹត្តិការណ៍ពិព័រណ៍ផ្លូវអាកាស ជូហៃ (Zhuhai) កាលពីឆ្នាំ២០២១។ ព័ត៌មានមួយចំនួន ដែលគេដឹងអំពីវា គឺយន្តហោះដ្រូនចិនស៊េរីថ្មីនេះ ធ្វើប្រតិបត្តិការនៅរយៈកម្ពស់ខ្ពស់ខ្ទង់រាប់ម៉ឺនម៉ែត្រ ហើយអាចហោះក្នុងល្បឿនលឿនជាងសំឡេងយ៉ាងហោចណាស់៣ដង ដែលជាកម្រិតហៅថា ស៊ូភើសូនិច ប៉ុន្តែល្បឿនរបស់វាក៏ត្រូវគេជឿថា អាចលឿនជាងសំឡេងដល់៦-៧ដង ដែលចូលដល់កម្រិតហៅថា ហៃភើសូនិច ផងដែរ។ យន្តហោះដ្រូន WZ-8 ត្រូវនាំយកឡើងទៅលើផ្ទៃអាកាស តាមរយៈយន្តហោះមេ ដូចជាយន្តហោះទម្លាក់គ្រាប់បែក H-6K ជាដើម ហើយបន្ទាប់មកទើបផ្តាច់ខ្លួន នៅរយៈកម្ពស់សមស្របមួយ ដើម្បីធ្វើប្រតិបត្តិការដាច់ដោយឡែក ដោយប្រើម៉ាស៉ីនរ៉ុក្កែតរបស់វា៕