(ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ក្នុងគ្រោះអគ្គិភ័យនៅមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋធានីប៉េកាំង បានបន្តកើនដល់២៩នាក់ ខណៈមនុស្ស១២នាក់ ត្រូវបានឃាត់ខ្លួន ក្រោមការជាប់ពាក់ព័ន្ធនឹងករណីនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

លោក ស៊ុន ហៃតាវ​ (Sun Haitao) មន្រ្តីសន្តិសុខសាធារណៈទីក្រុងប៉េកាំង បានប្រាប់ថា ក្នុងចំណោមមនុស្សទាំង១២នាក់ ដែលត្រូវបានឃាត់ខ្លួន ក៏រួមមាននាយកនៃមន្ទីរពេទ្យ ដែលរងគ្រោះអគ្គិភ័យផងដែរ។ ចំណែកឯអាជ្ញាធរពន្លត់អគ្គិភ័យរបស់ទីក្រុងនេះ បាននិយាយថា អគ្គិភ័យ​ដែលបានឆាបឆេះអគារស្នាក់នៅរបស់អ្នកជំងឺ នៃមន្ទីរពេទ្យចាងហ្វឹង (Changfeng) គឺបង្កឡើងដោយសារសកម្មភាពជួលជុលកែលម្អ​ផ្នែកខាងក្នុងរបស់អគារ ដោយកម្ទេចផ្កាភ្លើងបានដុតបញ្ឆេះទឹកថ្នាំ កំលុងពេលនោះ។ ជាងសំណង់ និងអ្នកតំណាងមួយចំនួន នៃក្រុមហ៊ុនដែលទទួលបន្ទុកកែលម្អមន្ទីរពេទ្យ ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួនដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិត គឺ២៦នាក់ជាអ្នកជំងឺដែលស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យ និងមានអាយុជាមធ្យម ៧១នាក់ ខណៈអ្នកមានវ័យចំណាស់ជាងគេអាយុ៨៨ឆ្នាំ។ ពេទ្យម្នាក់ អ្នកមើលថែទាំម្នាក់ និងសមាជិកគ្រួសារម្នាក់របស់អ្នកជំងឺ ក៏បាន​ស្លាប់ក្នុងគ្រោះអគ្គិភ័យផងដែរ។ រីឯមនុស្សសរុប១៤២នាក់ ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ ក្នុងនោះ៧១នាក់ជាអ្នកជំងឺ។ គិតត្រឹម​ថ្ងៃពុធនេះ អ្នករបួស៣៩នាក់ កំពុងបន្តសម្រាកនៅមន្ទីរពេទ្យ ក្នុងនោះ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕