(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៉ីល លោក ល្វីស អ៉ីណាស្យ៉ូ លូឡា ដាស៉ីលវ៉ា (Luiz Inácio Lula da Silva) បានថ្កោលទោសនូវអ្វីដែលលោកហៅថា «ជាការរំលោភបំពាន លើបូរណភាពទឹកដី» របស់អ៊ុយក្រែន បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ចំពោះ ជុំវិញសុន្ទរកថារបស់លោកកាលពីចុងសប្តាហ៍មុន ពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

លោក លូឡា បានគូសបញ្ជាក់ក្នុងសុន្ទរកថាមួយបន្ទាប់ពីជួបប្រធានាធិបតីរូម៉ានី លោក ក្លូស អ៉ីយ៉ូហាននីស (Klaus Iohannis) យ៉ាងដូច្នេះថា «ខណៈដែលរដ្ឋាភិបាលរបស់ ខ្ញុំ ថ្កោលទោសការរំលោភបំពានលើបូរណភាពទឹកដីរបស់អ៊ុយក្រែន យើងតស៊ូមតិដើម្បីចរចាររកដំណោះស្រាយនយោបាយចំពោះជម្លោះនេះ»។ តែលោកមិនបានលើកចំៗ ឈ្មោះរុស្ស៉ី ដែលសហរដ្ឋអាមេរិកចោទថាជាអ្នកចាប់ផ្ដើមសង្រ្គាមមុននោះទេ។

មេដឹកនាំប្រេស៉ីលរូបនេះ បានសម្តែងការព្រួយបារម្ភនៅចំពោះមុខ លោក អ៉ីយ៉ូហាននីស អំពីផលវិបាកជាសកលនៃសង្គ្រាមទាក់ទងនឹងវិស័យសន្តិសុខស្បៀងអាហារ និងថាមពល ជាពិសេសនៅក្នុងតំបន់ក្រីក្របំផុត ព្រមជាមួយនឹងការរិះគន់សហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុបចំពោះការរួមចំណែកអូសបន្លាយជម្លោះ តាមរយៈការ ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយរំពឹងថានឹងបង្កើតក្រុមប្រទេសស្រលាញ់សន្តិភាព ដើម្បីដឹកនាំការចរចាររវាងរុស្ស៉ី-អ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រេស៉ីលបានតាំងខ្លួនជាអ្នកតស៊ូមតិដើម្បីសន្តិភាពជុំវិញសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែកាលពីចុងសប្តាហ៍មុន លោក លូឡា បានធ្វើឲ្យទំនាក់ទំនងជាមួយអន្តរជាតិ កាន់តែឡើងកម្ដៅ ដោយការកត់សម្គាល់មួយដែលហាក់ដូចជាស្តីបន្ទោសអ៊ុយក្រែន នៅត្រង់ចំណុចដែលលោកនិយាយថាសង្គ្រាម កើតចេញពីការសម្រេចចិត្ត របស់ប្រទេសពីរ។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក លូឡា ធ្លាប់បានអំពាវនាវឲ្យរុស្ស៊ីដកខ្លួនចេញពីទឹកដីដែលខ្លួនឈ្លានពាននៅអ៊ុយក្រែន ប៉ុន្តែបានស្នើឡើងឲ្យអ៊ុយក្រែនដកការទាមទារ របស់ខ្លួន ចំពោះតំបន់គ្រីមៀ ជាទីដែលរុស្ស៉ីកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន កាលពីឆ្នាំ២០១៤៕