(ម៉ិកស៉ីកូ)៖ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចោទប្រកាន់ មន្ទីរបញ្ចកោណថាធ្វើចារកម្មលើរដ្ឋាភិបាលរបស់លោក បន្ទាប់ពីមានការបែកធ្លាយឯកសារសម្ងាត់យោធាអាមេរិក ហើយប្តេជ្ញារក្សាការសម្ងាត់នូវព័ត៌មានទាក់ទងនឹងកងកម្លាំង ប្រដាប់អាវុធ សំដៅការពារសន្តិសុខជាតិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

កាលពីដើមសប្តាហ៍នេះ លោក ឡូប៉េស អូប្រាដ័រ ចាត់ទុកការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកថាជា «ការឈ្លានពានដែលមិនអាចទទួលយកទោះ ក្នុងកាលៈទេសៈ ណាក៏ដោយ»។ លោក ឡូប៉េស អូប្រាដ័រ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ យ៉ាងដូច្នេះថា «ឥឡូវនេះយើងនឹងការពារព័ត៌មានកងទ័ពជើងទឹក និងក្រសួងការពារជាតិ ពីព្រោះយើងកំពុងក្លាយជាគោលដៅចារកម្មនៃមន្ទីរបញ្ចកោណ»

យ៉ាងណាក៏ដោយ ជាការឆ្លើយតប អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានគូសបញ្ជាក់ថា «ក្រសួងការពារជាតិអាមេរិកមានភាពជាដៃគូការពារជាតិដ៏រឹងមាំ ជាមួយកងទ័ពជើងគោក និងកងទ័ពជើងទឹកម៉ិកស៉ិក ហើយអង្គភាពនានានឹងដោះស្រាយបញ្ហាប្រឈមរួមគ្នា ដោយផ្អែកលើការគោរពអធិបតេយ្យភាពទៅវិញទៅមក និងរបៀបវារៈគោលនយោបាយ ការបរទេសរៀងៗខ្លួន»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីម៉ិកស៉ិក កើតមានឡើងបន្ទាប់ពីកាសែត Washington Post បានរាយការណ៍អំពីភាពតានតឹងជាក់ស្តែង រវាងកងទ័ពជើងទឹក អាមេរិក និងកងទ័ពរបស់ប្រទេសម៉ិកស៉ិក ដោយលើកឡើងពីកំណត់ត្រាសង្ខេបរបស់យោធាអាមេរិកក្នុងឯកសារ ដែលបែកធ្លាយតាមអ៉ិនធឺណែតកាលពីពេលថ្មីៗនេះ៕