(សេអ៊ូល)៖​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយថាទីក្រុងសេអ៊ូលអាចនឹងផ្ដល់ជំនួយគាំទ្រសម្រាប់អ៊ុយក្រែន លើសពី ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច ប្រសិនបើមានការវាយប្រហារ ឬការសម្លាប់រង្គាលលើជនស៊ីវិលកើតឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

ការកត់សម្គាប់ខាងលើរបស់លោក យូន ធ្វើឡើងក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុនត្រូវបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយ។ បើតាមលោក យូន រដ្ឋាភិបាលរបស់លោក ​បាន និងកំពុងស្វែងរកមធ្យោបាយជួយការពារ និងការកសាងអ៊ុយក្រែនឡើងវិញ ដូចគ្នាទៅនឹងអ្វីដែល កូរ៉េខាងត្បូងធ្លាប់ទទួលបានជំនួយពីសហគមន៍អន្តរជាតិ អំឡុងសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ប្រសិនបើមានស្ថានការណ៍មួយដែលសហគមន៍អន្តរជាតិមិនអាចអត់ឱនឱ្យបាន ក្នុងនោះរួមមាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំលើជនស៊ីវិល ការសម្លាប់រង្គាល ឬក៏ការបំពានច្បាប់សង្រ្គាមធ្ងន់ធ្ងរ នោះវានឹងពិបាកណាស់សម្រាប់ពួកយើងក្នុងការទទូចបន្តផ្ដល់ត្រឹម តែជំនួយមនុស្សធម៌ ឬហរិញ្ញវត្ថុ»។ នេះគឺជាលើកដំបូងបំផុតហើយដែលកូរ៉េខាងត្បូង លើកឡើងពីបំណងបញ្ជូនអាវុធឱ្យអ៊ុយក្រែន ខណៈទីក្រុងបានប្រកាន់ជំហរ មិនព្រម​ផ្ដល់អាវុធអាចសម្លាប់ជីវិតមនុស្ស ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក។

គួរបញ្ជាក់ថា លោក យូន ស៊ុកយុល គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្ដាហ៍ក្រោយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នាឱកាសប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងរវាងប្រទេសទាំង២៕