(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានថាកូវីដ១៩ កំពុងស្ថិតនៅក្នុងស្ថានភាពមិនអាចព្យាករបានដោយអាចបង្កជា គ្រោះថ្នាក់គ្រប់ពេលវេលា មុននឹងមេរោគមួយនេះស្ថិតក្នុងទិសដៅមួយដែលអាចព្យាករបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងរយៈពេល២៨ថ្ងៃចុងក្រោយនេះ មនុស្សច្រើនជាង ២៣,០០០នាក់បានស្លាប់ និងជាង ៣លាននាក់បានឆ្លងកូវីដ នៅជុំវិញពិភពលោក ក្នុងបរិបទនៃការបន្ធូបន្ថយ ការធ្វើតេស្ដ។ នាយកទទួលបន្ទុកស្ថានការណ៍អាសន្នរបស់ WHO លោក Michael Ryan បានគូសបញ្ជាក់នៅឯសន្និសីទសារព័ត៌មានមួយដូច្នេះថា «ខណៈតួលេខមាន ការថយចុះក៏ពិតមែន តែវានៅតែមានមនុស្សជាច្រើនបានស្លាប់ និងមនុស្សជាច្រើនបានធ្លាក់ខ្លួនឈឺ»។ លោកបន្ថែមថាកូវីដ១៩ មិនបានឆ្លងកាត់ការប្រែប្រួលពីជំងឺឆ្លង រាតត្បាតសកល ក្លាយជាមេរោគឆ្លងដោយតំបន់នៅឡើយទេ តែផ្ទុយទៅវិញជំងឺនេះនៅតែបន្តឆ្លងរាលដាល និងបង្កគ្រោះថ្នាក់ដដែល។

គួរបញ្ជាក់ថា បើតាមលោក Michael Ryan កូវីដ១៩ ទំនងជានឹងមិនរលាយបាត់ទៅណានោះទេ ហើយអាចនឹងក្លាយទៅជាជំងឺផ្ដាសាយមួយដូចគ្នាទៅនឹងជំងឺផ្ដាសាយ «influenza» ដែលអាចនឹងបង្ករឿងថ្នាក់ដល់អ្នកមានសុខភាពទន់ខ្សោយ៕