(ប៉េកាំង)៖ ក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) បាននិយាយថា ប្រទេសចិនលើកទឹកចិត្ត​ឱ្យអ៉ីស្រាអែលនិងប៉ាឡេស្ទីន បង្ហាញភាពក្លាហានផ្នែកនយោបាយ ហើយបោះជំហានឆ្ពោះទៅរកការបន្តកិច្ចចរចាសន្តិភាពឡើងវិញ ខណៈចិន​ត្រៀមលក្ខណៈជាស្រេច ដើម្បីជួយសម្របសម្រួល ឱ្យសម្រេចបាននូវរឿងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ជាមួយរដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក ឈិន បានលើកឡើងថា ប្រទេសចិនមានក្តីបារម្ភពីភាពតានតឹង​បច្ចុប្បន្នរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន ហើយអាទិភាពចម្បងបំផុតនាពេលនេះ គឺធ្វើយ៉ាងណាបន្ធូរបន្ថយស្ថានការណ៍ និងព្យាយាមទប់ស្កាត់​កុំឱ្យជម្លោះកើនឡើងកម្តៅកាន់តែក្តៅថែមទៀត ឬមួយក៏រីករាលដាលខ្លាំង រហូតដល់ថ្នាក់គ្រប់គ្រងលែងបាន។

លោករដ្ឋមន្រ្តីការបរទេសចិនបានបន្តថា ភាគីទាំងអស់គួរតែធ្វើចិត្តឱ្យស្ងប់ហើយរក្សាការអត់ធ្មត់ និងបញ្ឈប់ទង្វើក៏ដូចជាពាក្យសម្តីនានា ដែលជ្រុលហួសនិងមានលក្ខណៈបង្កហេតុ ហើយលោកបានបន្ថែមថា មធ្យោបាយមូលដ្ឋានដើម្បីស្វែងរកច្រកចេញចេញពីបញ្ហានេះ គឺបន្តកិច្ចពិភាក្សាគ្នា​​អំពីសន្តិភាពឡើងវិញ ហើយអនុវត្តដំណោះស្រាយរដ្ឋពីរ ខណៈវាមិនដែលហួសពេលនោះទេ ក្នុងការធ្វើរឿងត្រឹមត្រូវ។ ជាចុងក្រោយ លោក ឈិន បានសង្កត់ធ្ងន់ថា ចិនមិនមានផលប្រយោជន៍អាត្មានិយមអ្វីលើបញ្ហាអ៉ីស្រាអែល-ប៉ាឡេស្ទីនឡើង ហើយមានតែក្តីសង្ឃឹម​ប៉ុណ្ណោះថា ភាគីទាំងពីរនឹងអាចរស់នៅជាមួយគ្នាដោយសន្តិភាព ព្រមទាំងរួមគ្នារក្សាការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថា ជាការឆ្លើយតប ប្រមុខការទូតអ៉ីស្រាអែល លោក អ៉ីឡាយ ខូហិន (Eli Cohen) សម្តែងការអរគុណចំពោះប្រទេសចិន សម្រាប់ការបង្ហាញឆន្ទៈគាំទ្រ ដល់កិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយ នៃជម្លោះរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ លោក ខូហិន បាន​និយាយថា អ៉ីស្រាអែលប្តេជ្ញានឹងព្យាយាមបន្ធូរបន្ថយស្ថានការណ៍ ប៉ុន្តែបញ្ហានេះទំនងជានឹងមិនអាចដោះស្រាយ ក្នុងពេលឆាប់ៗនោះទេ ហើយលោកសង្កត់ធ្ងន់ថា អ៉ីស្រាអែលឱ្យតម្លៃខ្ពស់ចំពោះឥទ្ធិពលរបស់ចិន៕