(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់បញ្ជាឱ្យក្រុមមន្ត្រីរបស់លោក បាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ជាលើកដំបូង តាមការគ្រោងទុក ដោយនិយាយថាការពង្រឹងសមត្ថភាពឈ្លបយកការណ៍គឺជាអាទិភាពគន្លឹះមួយ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣។

កូរ៉េខាងជើង កាលពីខែធ្នូ ឆ្នាំ២០២២ បានដឹកនាំការធ្វើតេស្ដមួយដែលខ្លួនហៅថាជាការធ្វើតេស្ដដំណាក់កាលចុងក្រោយដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍ ផ្កាយរណបស៊ើបការណ៍ និងបញ្ជាក់ថាផ្កាយរណបនេះនឹងរួចរាល់អាចធ្វើតេស្ដបាញ់បាននៅខែមេសា ឆ្នាំ២០២៣នេះ។ នៅក្នុងសេចក្ដីរាយការណ៍ នៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាកំលុងធ្វើទស្សនកិច្ចនៅឯទីភ្នាក់ងារអភិវឌ្ឍវិស័យអវកាសជាតិ កាលពីថ្ងៃអង្គារ ទី១៨ ខែមេសា លោក គីម ជុងអ៊ុន បានជំរុញឱ្យមានការធ្វើតេស្ដបាញ់បង្ហោះផ្កាយរណបតាមការគ្រោងទុក ហើយក៏បានបញ្ជាឱ្យដាក់ពង្រាយផ្កាយរណបស៊ើបការណ៍បន្ថែមផងដែរ ដើម្បីពង្រឹង សមត្ថភាពស៊ើបការណ៍របស់ប្រទេស។ តែ KCNA មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការបាញ់តេស្ដផ្កាយរណបស៊ើបការណ៍នោះទេ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ទីភ្នាក់ងារអភិវឌ្ឍវិស័យអវកាសជាតិ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹងស៊េរីថ្មីមួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយជោគជ័យ ដែលនេះជាការបោះ ជំហានទៅមុខនៃកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង៕