(ហុងកុង)៖ សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កាលពីដើម ខែកុម្ភៈកន្លងទៅ ទីក្រុងវ៉ាស៊ីនតោនសម្រេចបាននូវការពង្រីកកិច្ចព្រមព្រៀងយោធាជាមួយហ្វីលីពីន ដែលបានយល់ព្រមឱ្យកងទ័ពអាមេរិកអាចចូលប្រើប្រាស់មូលដ្ឋានទ័ពចំនួន ៤ បន្ថែមទៀត ធ្វើឱ្យចំនួនមូលដ្ឋានទ័ពដែលកងទ័ពអាមេរិកអាចចូលប្រើបានកើនដល់ ៩។ មូលដ្ឋានទ័ពថ្មីៗទាំង៤នេះ នឹងផ្ដល់ឱ្យទីក្រុងវ៉ាស៊ីនតោន មានភាពងាយស្រួលជាងមុន ក្នុងការតាមដានសកម្មភាពរបស់ចិននៅជុំវិញកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ កងម៉ារីនអាមេរិក ក៏បានបើកមូលដ្ឋានថ្មីមួយនៅលើកោះហ្គាំ សម្រាប់កងកម្លាំងម៉ារីនជាង ៥,០០០នាក់ ខណៈយោធាអាមេរិកមានគម្រោងដាក់ពង្រាយយន្ដហោះចម្បាំងបន្ថែមទៅកាន់ប្រទេសអូស្រ្តាលីទៀតផង។

បើតាមក្រុមអ្នកវិភាគ សកម្មភាពយោធាចុងក្រោយទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការបង្កើនវត្តមានយោធាអាមេរិកឡើងវិញក្នុងតំបន់ឥណ្ឌូប៉ាសីហ្វិក បន្ទាប់ពីទំនាក់ទំនងរវាងអាមេរិក ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៉ី ជួបភាពរកាំរកូសអំឡុងសម័យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ក្នុងសេចក្ដីថ្លែងការណ៍ប្រកាសពីកិច្ចព្រមព្រៀងយោធារវាង អាមេរិក និងហ្វីលីពីន មិនមាននិយាយពីឈ្មោះចិននោះទេ ប៉ុន្តែកំលុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីកាលពីខែកុម្ភៈកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បានលើកឡើងចំៗពីក្ដីកង្វល់ទាក់ទងនឹងសកម្មភាពរបស់ទីក្រុងប៉េកាំងក្នុងតំបន់។ «សកម្មភាពដ៏គ្រោះថ្នាក់ និងការសម្លុតគំរាមរបស់ចិននៅទូទាំងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ក្នុងនោះរួមមានទាំងនៅជុំវិញកោះតៃវ៉ាន់ បណ្ដាប្រទេសដែនកោះនៃតំបន់ប៉ាស៊ីហ្វិក សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង បាននិងកំពុងបង្កការគំរាមកំហែងដល់សន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់»។ នេះជាការគូសបញ្ជាក់របស់លោក ឡយដ៍ អូស្ទីន។

ក្រៅតែពីការចុះកិច្ចព្រមព្រៀងយោធាជាមួយអូស្ត្រាលី និងហ្វីលីពីន សហរដ្ឋអាមេរិកក៏បានឈានដល់កិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយកូរ៉េខាងត្បូង និងជប៉ន ដែរ ដោយក្នុងនោះ បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន សហរដ្ឋអាមេរិកមានគម្រោងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅលើទឹកដីជប៉ុន ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួនទាំងនៅក្នុងតំបន់ សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ លោក Carl Thayer ជាអ្នកជំនាញម្នាក់ខាងកិច្ចការតំបន់អាស៉ីអាគ្នេយ៍មកពីសាកលវិទ្យាល័យ University of New South Wales មានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី បានកត់សម្គាល់ថា «សហរដ្ឋអាមេរិកមានហេតុផលសំខាន់២ នៅពីក្រោយការបង្កើនវត្តមានយោធា។ ទីមួយ នោះគឺទីក្រុងវ៉ាស៊ីនតោន ចង់ពង្រឹង ទីតាំងយោធារបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីដោះស្រាយជាមួយចិនក្នុងសំណុំរឿងតៃវ៉ាន់ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រីឯ ទី២ គឺសហរដ្ឋអាមេរិកចង់ផ្ដល់ការធានាឡើងវិញ ដល់សម្ព័ន្ធមិត្តថាសម័្ពន្ធភាពរបស់ពួកគជាមួយសហរដ្ឋអាមេរិក​នៅតែរឹងមាំដូចដែកថែប។

ក៏ប៉ុន្តែ ខណៈសហរដ្ឋអាមេរិកកំពុងឡោមព័ទ្ធចិន ចុះបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន គិតយ៉ាងណាទៅវិញដែរ? ក្រុមអ្នកជំនាញមួយចំនួនរួមទាំងលោក Carl Thayerយល់ថាបណ្ដាប្រទេសភាគច្រើននៅក្នុងតំបន់ អាចនឹងស្វាគមន៍ស្ងាត់ៗ ចំពោះការកើនឡើងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដោយក្នុងពេលដែលចិនកំពុងព្យាយាមបង្កើន ឥទ្ធិពលក្នុងតំបន់ ការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិកអាចនឹងទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ានមួយចំនួន ជាពិសេសនោះគឺបណ្ដាប្រទេសដែលកំពុងមានជម្លោះ ដែនទឹកជាមួយចិនតែម្ដង។

ការសិក្សាស្រាវជ្រាវមួយធ្វើឡើង និងចេញផ្សាយដោយវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ បានបង្ហាញថាអត្រាគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងតំបន់ ស្ថិតនៅកម្រិត ៦១ភាគរយ ធៀបទៅនឹងឆ្នាំ២០២២ មានត្រឹមតែ៥៧ភាគរយប៉ុណ្ណោះ។ ការស្វាគមន៍ការបង្កើនវត្តមានអាមេរិកក៏ត្រូវបានបង្ហាញដែរ តាមរយៈការកើនឡើងនៃ ការសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសក្នុងតំបន់។ នៅត្រង់ចំណុចនេះដែរ លោក Thayer បានបន្តថាភាគច្រើននៃបណ្ដាប្រទេសអាស៊ាន មានទំនោរស្វាគមន៍ ដល់វត្តមានយោធាអាមេរិកក្នុងតំបន់ ដើម្បីធ្វើយ៉ាងណាកុំឱ្យ «ចិនមានអំណាចលើសលប់ពេក»។ ជាឧទាហរណ៍ ក្រៅពីហ្វីលីពីន វៀតណាម ដែលជាគូភាគីជម្លោះមួយនៅក្នុងចំណោម ភាគីជម្លោះដែនទឹកនៃតំបន់សមុទ្រចិនខាងត្បូង គឺជាប្រទេសដែលស្វាគមន៍ដោយស្ងាត់ៗដល់វត្តមានយោធាអាមេរិកក្នុងតំបន់ផង និងក៏កំពុងរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនផង។ ចំណែកឯ ថៃដែលជាសម្ព័ន្ធមិត្តអាមេរិក និងសិង្ហបុរី គឺជាប្រទេសគាំទ្រគោលនយោបាយអាមេរិក ក៏មិនខុសគ្នាពីវៀតណាម និងហ្វីលីពីននោះដែរ។

ម្យ៉ាងវិញទៀត ការបង្កើនវត្តមានយោធាអាមេរិកមិនមែនជារឿងអាក្រក់ទាំងអស់នោះទេ ព្រោះវាអាចជួយរក្សាតុល្យភាពអំណាចក្នុងតំបន់ ដោយកុំឱ្យមហាអំណាចណាមួយមានអំណាច លើសលប់ពេក ដែលនេះនឹងធ្វើឱ្យប្រទេសក្នុងតំបន់កាន់តែមានលំហរសេរីភាពក្នុងការទាញយកប្រយោជន៍ពីការប្រកួតប្រជែងគ្នារវាងអាមេរិក និងចិន។

គួរបញ្ជាក់ថា ក្រុមអ្នកវិភាគខ្លះ ធ្លាប់បានធ្វើការសន្និដ្ឋានថាការសម្រេចចិត្តរបស់ហ្វីលីពីន ដោយអនុញ្ញាតឱ្យកងទ័ពអាមេរិកចូលប្រើមូលដ្ឋានទ័ពរបស់ខ្លួនបន្ថែម អាចនឹងក្លាយជាការដាក់ សម្ពាធឱ្យប្រទេសអាស៊ានដទៃធ្វើដូចគ្នានេះដែរ។ ប៉ុន្តែ លោក Collin Koh ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថាន RSIS (S. Rajaratnam School of International Studies) ក្នុងប្រទេសសិង្ហបុរីយល់ថាវាទំនងជានឹងមិនអាចទៅរួចទេ។ ដ្បិត ពួកគេខ្លាចបង្កភាពតានតឹង ហើយក៏មិនចង់ឱ្យខូចប្រយោជន៍របស់ពួកគេជាមួយចិនដែលជាដៃគូពាណិជ្ជកម្ម ដ៏ធំសម្រាប់ អាស៊ាននោះដែរ។ អ្វីដែលពួកគេចង់បាន នោះគឺការព្យាយាមរក្សាតុល្យភាពផលប្រយោជន៍របស់ខ្លួន នៅក្នុងការប្រកួតប្រជែងកាន់តែខ្លាំងរវាងអាមេរិក និងចិន។ បានន័យថា ពួកគេមិន ចង់ឱ្យចិនមើលឃើញ ឬចាត់ទុកថាពួកគេកំពុងជួយអាមេរិកដើម្បីគ្រប់គ្រងចិននោះឡើយ៕