(ដាម៉ាស)៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានមកដល់រដ្ឋធានីដាម៉ាស ប្រទេសស៊ីរី កាលពីរសៀលថ្ងៃអង្គារ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីអារ៉ាប៊ីសាអូឌីតទៅកាន់ប្រទេសស៊ីរីក្នុងរយៈពេល ១២ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចនេះធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad បានធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងធម្មតារវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់ លោក Mekdad កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីស្ដារសេវាកម្មស្ថានកុងស៊ុល និងបន្តការហោះហើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។
កាលពីសប្តាហ៍មុន អ្នកការទូតមកពីប្រទេសអារ៉ាប់ចំនួនប្រាំបួន បានជួបប្រជុំគ្នានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការវិលត្រលប់របស់ស៊ីរីទៅកាន់សម្ព័ន្ធអារ៉ាប់ ដោយនិយាយថា ដំណោះស្រាយនយោបាយគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់វិបត្តិស៊ីរី៕