(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នៅថ្ងៃនេះ (ថ្ងៃអង្គារ) បានជំរុញឱ្យកងកម្លាំងបរទេស ជាពិសេសសហរដ្ឋអាមេរិក ចាកចេញពីតំបន់អាស៊ីខាងលិចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះវាបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

ការកត់សម្គាល់របស់លោក Raisi បែបនេះ ធ្វើឡើងនៅក្នុងទិវាកងទ័ពជាតិរបស់អ៊ីរ៉ង់ នៅថ្ងៃទី១៨ ខែមេសា នេះបើយោងតាមគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។

លោក Raisi បានបញ្ជាក់ថា កងកម្លាំង (បរទេស)ទាំងនោះបានបរាជ័យ ក្នុងការធានាសន្តិសុខសម្រាប់ប្រទេសក្នុងតំបន់ ខណៈដែលវត្តមានរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នៅក្នុងផ្នែកណាមួយ នៃតំបន់បានធានានូវសន្តិសុខ។

ដោយងាកទៅទិវាកងទ័ពជាតិវិញ លោកបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះនាំសារសន្តិភាព និងមិត្តភាពទៅកាន់ប្រទេសក្នុងតំបន់ ដោយបន្ថែមថា ប្រទេសណាដែលចង់ធានាសន្តិសុខក្នុងតំបន់នឹងត្រូវបានស្វាគមន៍ និងគាំទ្រដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។

លោក Raisi ក៏បានកត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះយោធាអ៊ីរ៉ង់គឺជាកម្លាំងដ៏ទំនើប និងបំពាក់ដោយអាវុធល្អៗ ដោយបានប្រែក្លាយការគំរាមកំហែង និងការដាក់ទណ្ឌកម្មទៅជាឱកាស៕