(តូក្យូ)៖ ក្រុមអ្នកការទូតកំពូលមកពីក្រុមប្រទេស G7 បានជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ដើម្បីស្វែងរក វិធានការទប់ស្កាត់ទុកជាមុន បើសិនជាមានហេតុការណ៍ផ្ទុះឡើងណាមួយ ដោយសារការរាលដាលនៃសង្គ្រាមអ៊ុយក្រែន ឬសកម្មភាពរបស់ចិនដើម្បីការគ្រប់គ្រងកោះតៃវ់ាន់ ឬការផ្ទុះណា មួយក្នុងដែនឧបទ្វីបកូរ៉េដោយសារតែស្ថានការណ៍កាន់តែ មានភាពស្រួចស្រាលទៅជាលំដាប់។ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 បានជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ លើទឹកដីនៃប្រ ទេសជប៉ុន ដែលជំនួបនេះ ជាការរៀបចំក្រាលកម្រាល ព្រំក្រហមមួយសម្រាប់ជំនួបកំពូលនៃមេដឹកនាំប្រទេស G7 ដែលគ្រោងនឹងធ្វើក្នុងខែឧសភាខាងមុខនេះ។

រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 បានបញ្ជាក់ការប្តេជ្ញាលើជំហរតឹងរ៉ឹងរបស់ពួកគេ ដាក់លើប្រទេសចិននិងកូរេខាងជើងក្នុងជំនួបមួយក្នុងសប្តាហ៍នេះ។ ក្រុមអ្នកការទូតកំពូលនៃ ប្រទេសអ្នកមានទាំង៧ បានចោទថា ប្រទេសចិនបានបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះកោះតៃវ៉ាន់ និងពួកគេបានប្រឆាំងនឹងប្រទេសកូរេខាងជើង ដែលបានធ្វើការសាកល្បង មីស៊ីលដ៏មានឥទ្ធិពលទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ, មធ្យមនិង ចម្ងាយខ្លី ខណៈសភាពការណ៍តានតឹងក្នុងសកលលោកកំពុងតែស្ថិតក្នុងសភាព ស្រួចស្រាល ជាទីបំផុត។ កូរ៉េខាងជើង ចាប់តាំងពីឆ្នាំមុននោះមក បានបាញ់សាកល្បងមីស៊ីលរបស់ខ្លួន ប្រមាណ១០០គ្រាប់រួចមកហើយ រួមទាំងមីស៊ីលបាលីស្ទីកអន្តរទ្វីបដែលបង្ហាញនូវឥទ្ធិពល គំរាមដល់សហរដ្ឋអាមេរិក ឱ្យដឹងថារាល់ចំណុចលើទឹកដីអាមេរិក គឺជាចំណុចដែលកូរ៉េខាងជើងអាចវាយប្រហារបាញ់ដាក់លើគោលដៅគ្រប់កន្លែងបាន។ កូរ៉េខាងជើង នៅបានបាញ់ សាកល្បងមីស៊ីលរយៈចម្ងាយ មធ្យមនិងកម្រិតខ្លីថែមទៀត ដែលមីស៊ីលទាំងនោះ បានធ្វើឱ្យប្រទេសជាសត្រូវរបស់កូរេខាងជើង ដូចជាប្រទេសជប៉ុននិងកូរេខាងត្បូងជាដើម មានក្តីព្រួយបារម្ភ និងបានរួមគ្នាដើម្បី ស្វែងរកវិធីទប់ទល់បើសិនជាមានសង្គ្រាមណាមួយអាចផ្ទុះ ឡើងមែននោះជាពិសេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ក្រុមប្រទេស G7 នៅជាមួយគ្នានេះបាននាំគ្នាជម្រុញការរួមគ្នាលើការបង្កើនកម្លាំងគាំទ្រអ៊ុយ ក្រែននិងធ្វើការដាក់ទោសដាក់លើរុស្ស៊ីដែលបង្កសង្គ្រាមដាក់លើទឹកដីប្រទេសអ៊ុយក្រែន ភាគខាងកើតថែមទៀត។ ជំនួបរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 តាំងពីវេលាថ្ងៃចន្ទ លើទឹកដីនៃប្រទេសជប៉ុន បានជជែកគ្នាលើប្រធានបទក្តៅៗពាក់ព័ន្ធនឹងស្ថានការណ៍តានតឹង ក្នុងពិភពលោកទាំងនេះ ដែលជំនួបនេះទៀត គឺជាការរៀបចំត្រៀមទុកជាមុនមួយសម្រាប់កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំនៃប្រទេស G7 ដែលត្រូវបានកំណត់ទុកនាខែឧសភាឆ្នាំ២០២៣ ក្នុងក្រុង Hiroshima នៃប្រទេសជប៉ុន។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានប្រាប់អ្នកសារព័ត៌មានថា ពិភពលោកកំពុងស្ថិតក្នុង «ចំណុចរបត់» លើការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយលោកថា ពិភពត្រូវតែបដិសេធដាច់ខាតរាល់ការប៉ុនប៉ងណាមួយជាឯកតោភាគីដែលមានបំណងប្រើកម្លាំងចង់ផ្លាស់ប្តូរស្ថានភាពដែលកំពុងមានស្រាប់នាបច្ចុប្បន្ន…និងបដិសេធអំពើឈ្លានពាន របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការគំរាមកំហែងរបស់រុស្ស៊ីចង់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោក Yoshimasa Hayashi បានថ្លែងក្នុងកិច្ចប្រជុំថាប្រធានបទដែលមានក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី ការបរទេស G7 នាពេលនេះ រួមមានការអះអាងត្រួតត្រាក្នុងតំបន់ប៉ាស៊ីហ្វិក រួមមានប្រទេស ចិន, កូរេខាងជើង, អ៊ីរ៉ង់ និងប្រទេសក្នុងមជ្ឈិមបូព៌ា, ប្រទេសអាហ្វហ្កានីស្ថាន និងតំបន់អាស៊ីកណ្តាល។

ជប៉ុនគឺជាប្រទេសមួយដែលស្ថិតក្នុងចង្កោម QUAD Quadrilateral Security Dialogue ដែលជាក្រុមនៃប្រទេសចងសម្ព័ន្ធគ្នាចំនួន៤ គឹរួមមានអូស្ត្រាលី, ឥណ្ឌា, ជប៉ុននិងសហរដ្ឋអា មេរិក។ ក្រុមអ្នកតាមដាននយោបាយបានថ្លែងថា QUAD គឺជាបន្លាក្នុងភ្នែកមួយរបស់ប្រទេស ចិនដែលប្រៀបប្រដូច QUAD ទៅនឹងបក្ខសម្ព័ន្ធណាតូទី២ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិ កដើម្បីប៉ុន ប៉ងបំបែកមហាកំពែងនៃប្រទេសចិន។ សម្រាប់គណៈប្រតិភូអាមេរិក កិច្ចប្រជុំកំពូលG7 នាពេលខាងមុខនេះ ធ្វើឡើងក្នុងគ្រាដ៏សំខាន់មួយក្នុងការឆ្លើយតបរបស់ពិភពលោក ចំពោះ ការឈ្លានពានរបស់រុស្ស៊ីដាក់មកលើអ៊ុយក្រែន…និងជាកិច្ចប្រឹងប្រែងដោះស្រាយជាមួយប្រទេសចិនលើបញ្ហាពីរដែលរដ្ឋមន្ត្រី G-7 មក ពីប្រទេសជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ប្រទេសកាណាដា អ៊ីតាលី និងពីសហភាពអឺរ៉ុប បានចាត់ទុកជាបញ្ហាប្រឈមដ៏ខ្លាំងក្លាចំពោះសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទីពីរ។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ដែលធ្វើដំណើរទៅជាមួយរដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានប្រាប់អ្នកយកព័ត៌មានថា គោលដៅរបស់រដ្ឋបាល លោក Joe Biden សម្រាប់កិច្ច ពិភាក្សាក្នុងកិច្ចប្រជុំ G7 គឺដើម្បីកៀងគរការគាំទ្រដល់ប្រទេសអ៊ុយក្រែន រួមទាំងគំនិត ផ្តួចផ្តើមដ៏សំខាន់មួយស្តីពីហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលមុននេះធ្លាប់បានធ្វើ ក្នុងកិច្ចប្រជុំ G7 ឆ្នាំ២០២២នៅប្រទេសអាល្លឺម៉ង់ ក៏ដូចជាការស្វែងរកការធានាការផ្តល់ជាបន្ត នូវជំនួយយោធាដល់រដ្ឋាភិបាលក្រុងកៀវ។ កិច្ចប្រជុំកំពូល G7 នាពេលខាងមុខនេះទៀត ក៏ នឹងមានបញ្ចូលទាំងការបង្កើនការដាក់ទោសប្រឆាំងនឹងរុស្ស៊ីតាមរយៈទណ្ឌកម្មហិរញ្ញវត្ថុនិង សេដ្ឋកិច្ច ដែលកិច្ចប្រជុំ G7 ខែធ្នូឆ្នាំ២០២១ ធ្លាប់បានព្រមានដាក់លើរុស្ស៊ីនៅមុនការលើកទ័ព លុកលុយក្នុងទឹកដីអ៊ុយក្រែនភាគខាងកើតនោះផងដែរ។

អ៊ុយក្រែនកំពុងតែប្រឈមមុខនឹងពេលវេលាដ៏សំខាន់មួយក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាមួយនឹងការវាយលុករបស់រុស្ស៊ីភាគច្រើនក្នុងបច្ចុប្បន្ននេះ ត្រូវគេនិយាយថា បានជាប់គាំង មិនទៅមុខ… ហើយអ៊ុយក្រែនកំពុងរៀបចំការវាយលុកមួយវាយបកទៅវិញដើម្បីការដណ្តើមយកទឹកដីភាគខាងកើតដែលរុស្ស៊ីកំពុងកាន់កាប់។ ប៉ុន្តែ យុទ្ធនាការរដូវ Spring នេះ មិនមែន ជាការងាយស្រួលនោះឡើយ។ ប្រទេសរុស្ស៊ី ត្រូវគេរាយការណ៍ថានៅមិនទាន់បានបញ្ចេញអាវុធទំនើបដ៏មានឥទ្ធិពលរបស់ខ្លួននៅឡើយ និងរុស្ស៊ីមិនទាន់ជាប្រទេសដែលឯកោទាំងស្រុង នោះឡើយ បើទោះបីជាសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធបានព្យាយាមរកការរួមគ្នា ពីប្រទេសជាច្រើនលើពិភពលោកដើម្បីការគាបសង្កត់និងដាក់ទណ្ឌកម្មជាច្រើននោះក្តី។

មន្ត្រីអាមេរិកដែលបានចូលរួមក្នុងកិច្ចពិភាក្សាបិទទ្វារ និងនិយាយក្នុងលក្ខខណ្ឌសុំ មិនបញ្ចេញឈ្មោះ បានបញ្ជាក់អំពីអាទិភាពរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ដែល បានចូលរួមថាកិច្ចពិភាក្សាបានផ្តោតអំពីវិធីធ្វើឱ្យស៊ីជម្រៅនូវការគាំទ្រសម្រាប់រកលទ្ធភាពទប់ទល់ការកំញើញ និងវិធីការពាររយៈពេលយូរអង្វែងដល់ប្រទេសអ៊ុយក្រែនថែមទៀត។ កិច្ចពិភាក្សានោះ ត្រូវគេរំពឹងថា អាចនឹងជួយធ្វើឱ្យកាន់តែប្រសើរឡើងនិងជាការជួយអ៊ុយក្រែនសម្រាប់ដំណើរការចរចាដ៏មានសក្តានុពល ដែលអាចនឹងបញ្ចប់ជម្លោះតាមលក្ខខណ្ឌ របស់អ៊ុយក្រែនដែលត្រូវការ។

អ៊ុយក្រែនបានបង្ខំរុស្ស៊ីត្រូវដកកម្លាំងរបស់ខ្លួនចេញពីទឹកដីភាគខាងកើតនៅមុនការជួបចរចាដើម្បីរកសន្តិភាព ប៉ុន្តែសំណើនោះ ត្រូវបានរុស្ស៊ីបដិសេធ។ បើសិនជាសង្គ្រាមក្នុងរដូវ Spring ដែលជិតចាប់ផ្តើមខាងមុខនេះ នឹងអាចធ្វើឱ្យរុស្ស៊ីទន់កម្លាំងមែននោះ, អ៊ុយក្រែនត្រូវគេរំពឹងថា នឹងយកប្រៀបនៃជ័យជម្នះរបស់ខ្លួនលើសមរភូមិនោះ ដាក់ទម្ងន់លើរុស្ស៊ីបង្ខំឱ្យមាន ការចរចា និងការដកកងទ័ព ប៉ុន្តែរុស្ស៊ីបានព្រមានថានឹងប្រើប្រាស់អាវុធទំនើបប្រល័យលោករបស់ខ្លួន បើសិនជាជំនួយយោធាដល់អ៊ុយក្រែនពីក្រុមប្រទេសលោកខាងលិច នឹងធ្វើឱ្យរុស្ស៊ី បាត់បង់ទឹកដីដែលកំពុងត្រួតត្រានៃភាគខាងកើត អ៊ុយក្រែនមែននោះ។ ជំនួបបិទទ្វាររបស់រដ្ឋមន្ត្រីការបរទេស G7 ក្នុងប្រទេសជប៉ុន បានផ្តោតផងដែរលើវិធីទប់ទល់ជាមួយនឹងប្រទេស ចិន ដែលគេបានចាត់ទុកថាជាប្រទេសសម្ព័ន្ធមិត្តប្តូរផ្តាច់ជាមួយនឹងរុស្ស៊ី។

សេចក្តីរាយការណ៍បង្ហាញថា តួនាទីរបស់ប្រទេសជប៉ុន ដែលជាសមាជិករបស់អាស៊ីតែមួយគត់នៃប្រទេស G-7 ក្នុងការធ្វើជាប្រធាននៃកិច្ចចរចាឆ្នាំនេះ នឹងផ្តល់ឱកាសដើម្បីពិភាក្សាអំពី សកម្មភាពសម្របសម្រួលលើប្រទេសចិន។ មេដឹកនាំនិងរដ្ឋមន្ត្រីការបរទេសខ្លះនៃប្រទេស G-7 វេលាថ្មីៗនេះ ដូចជាប្រទេសបារាំង និងអា ឡឺម៉ង់ជាដើម ទើបបានបញ្ចប់ដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ច កាលពីសប្តាហ៍កន្លងមកនោះ មេដឹកនាំបារាំងលោកអេម៉ានូអែល ម៉ាក្រុងបានបោះពាក្យសម្តីមួយដែលនាំឱ្យមានការរិះគន់ ដោយលោកបាន បង្ហាញថាអឺរ៉ុបគប្បីត្រូវចៀសវាងនូវវិបត្តិអ្វីដែលមិនមែនជារបស់ខ្លួន។ កិច្ចប្រជុំ G7 ក្នុងទីក្រុង Karuizawa ក្នុងប្រទេសជប៉ុន បានផ្តោតជុំវិញការចង់ដឹងអំពីចំណាប់អារម្មណ៍រួមរបស់ ប្រទេសទាំង៧ លើបញ្ហានៃស្ថានការណ៍តានតឹងដែលកំពុងកើតឡើង ដោយរដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ថា «ការរួបរួមគ្នារបស់ប្រ ទេស G7 នាពេលនេះ គឺមានសារៈសំខាន់ ចាំបាច់ជាខ្លាំងណាស់»។

នៅក្នុងពិធីជប់លៀងជាឯកជនមួយកាលពីយប់ថ្ងៃអាទិត្យ ដែលជាកិច្ចប្រជុំផ្លូវការលើកដំបូង របស់អ្នកការទូត លោករដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi បានជំរុញឱ្យមានការ បន្តសន្ទនាជាមួយប្រទេសចិនលើបញ្ហាប្រឈមជាសកលជាច្រើន ដែលការចូលរួមពីរដ្ឋាភិ បាលក្រុងប៉េកាំងនោះ ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ក្រៃលែង។ ប៉ុន្តែក្រុមអ្នកការទូត ក៏កំពុងសម្លឹងរកការដោះស្រាយជំហរមិនខ្លាចញញើតរបស់ចិនក្នុងតំបន់ ជាពិសេសចំពោះតៃវ៉ាន់ ដែលចង់ផ្តាច់ខ្លួនធ្វើជាកោះឯករាជ្យប្រឆាំងនឹងការត្រួតត្រារបស់សាធារណរដ្ឋប្រជាមានិត ចិន។ លោករដ្ឋមន្ត្រីការបរទេសជប៉ុន Hayashi បានប្រាប់បណ្តារដ្ឋមន្ត្រីចូលរួមថា ប្រទេសខាងក្រៅ ត្រូវតែបន្តការកសាងទំនាក់ទំនងស្ថាបនានិងស្ថិរភាព ខណៈបានបង្ហាញដោយផ្ទាល់នូវ ការព្រួយបារម្ភរបស់ជប៉ុននិងប្រទេសសម្ព័ន្ធទាំងអស់ចំពោះប្រទេសចិន និងអំពាវនាវឱ្យរដ្ឋាភិ បាលក្រុងប៉េកាំងត្រូវ ដើរតួជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍ អន្តរ ជាតិ។

ប្រទេសចិនថ្មីៗនេះ បានបញ្ជូនយន្តហោះ និងកប៉ាល់ចម្បាំងរបស់ខ្លួនធ្វើសមយុទ្ធត្រាប់ដូចជាមានការឡោមព័ទ្ធនិងការវាយប្រហារពិតៗដាក់លើកោះតៃវ៉ាន់។ រដ្ឋាភិបាលក្រុង ប៉េកាំង ត្រូវគេរាយការណ៍ទៀតថា បាន និងកំពុងបន្ថែមនូវក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងលឿនរបស់ខ្លួនផងទៀត ដោយប្រកាន់យកខ្សែបន្ទាត់តឹងរ៉ឹងលើការទាមទាររបស់ខ្លួនចំពោះដែនសមុទ្រ ចិនខាងត្បូង និងបានគូសសេណារីយ៉ូនៃការប្រឈមមុខដាក់គ្នាដែលបារម្ភនឹងអាចកើតមាន នាពេលខាងមុខនេះ។ ស្ថិតចំពោះការប្រឈមមុខនេះ, ការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុន អាចត្រូវបានគេមើលឃើញនូវកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងតូក្យូ ក្នុងការដើរទម្លុះឧបសគ្គដ៏ធំនេះដោយប្រឹងប្រែងធ្វើការដើម្បីរកការទទួលបាននូវសមត្ថភាពវាយប្រហារបង្កាទុកជាមុន និងសមត្ថភាពមីស៊ីលគ្រូសរបស់ខ្លួន ដើម្បីប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនេះ។

កិច្ចប្រជុំបិទទ្វារ G7 បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ៍ទី១៨ ខែមេសា ដោយទាមទារឱ្យកូរេខាងជើងត្រូវបញ្ឈប់ការធ្វើតេស្តអាវុធសាកល្បងរបស់ខ្លួននូវអាវុធមីស៊ីលអន្តរទ្វីបនិង ការធ្វើតេស្តអាវុធនុយក្លេអ៊ែ័រ ដោយការព្រមានថានឹងធ្វើការតបតដ៏ខ្លាំងមួយទៅកូរេខាងជើង វិញ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់នូវជំហររបស់ក្រុមប្រទេស G7 ពាក់ព័ន្ធ នឹងសង្គ្រាម រុស្ស៊ីនៅអ៊ុយក្រែន, បញ្ហាចិន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសប្រទេសកូរ៉េ ខាងជើង នូវ តម្រូវការចាំបាច់ដើម្បីរក្សាស្ថានភាពដដែលនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងការកែលម្អទំនាក់ ទំនងជាមួយបណ្តាប្រទេសជាកោះក្នុងតំបន់ប៉ាស៊ីហ្វិក។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 ក្នុងសប្តាហ៍នេះ ត្រូវក្រុមវិភាគនិយាយថា គឺជាកិច្ចប្រជុំដែលត្រៀមរៀបចំទុកជាមុននូវការបង្កាវិធានការដែលពួកគេមានការបារម្ភថាចិននិង អាចជួយរុស្ស៊ីដោយការផ្តល់គ្រឿងសព្វាវុធខណៈដែលអ៊ុយក្រែនបានត្រៀមរៀបចំការវាយប្រហារដ៏ធំមួយក្នុងរដូវ Spring ឈានមកដល់នេះ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 បានបារម្ភ ផងទៀត ជុំវិញការឆក់ឳកាសរបស់ចិនក្នុងការគ្រប់គ្រងស្ថានការណ៍កោះតៃវ៉ាន់ដើម្បីការបង្រួបបង្រួមជាតិក្នុងពេលណាមួយដែលគេមិនអាចស្មានដឹងបានឡើយ។ នៅជាមួយគ្នានេះ ក្រុមប្រទេស G7 បានរៀបចំយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីបង្ហាញដល់ប្រទេសនៅអឺរ៉ុបឱ្យមានការបារម្ភថាបញ្ហាបង្កការផ្លាស់ប្តូរអ្វីដែលមានស្រាប់បច្ចុប្បន្ននឹងបង្កឱ្យមានជាផលវិបាក ដល់ដំណើរការសេដ្ឋកិច្ចនិងផលប្រយោជន៍របស់បណ្តាប្រទេសរៀងៗខ្លួនថែមទៀត។

ប្រទេសជាសមាជិកក្រុម G-7 បាន ព្រមានដល់រដ្ឋាភិបាលក្រុងប៉េកាំងថា ការផ្គត់ផ្គង់សព្វាវុធណាមួយដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវជួបផលវិបាកធ្ងន់ធ្ងរ ក៏ដូចជាការប៉ុនប៉ងរបស់ចិនណាមួយ ដែលចង់ផ្លាស់ប្តូរស្ថានភាពរបស់កោះតៃវ៉ាន់ផងនោះដែរ។ មន្ត្រីអាមេរិកដែលស្និទ្ធនឹងកិច្ចប្រជុំ G7 ក្នុងប្រទេសជប៉ុន បាននិយាយថា សមាជិក ក្នុងសហភាពអឺរ៉ុបឥឡូវនេះ មានការយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលបង្កការប្រែប្រួល នៃស្ថានភាពបច្ចុប្បន្ន នឹងប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ ជាពិសេសសេដ្ឋកិច្ចរបស់ ពួកគេថែមទៀត។

កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ បានប្រព្រឹត្តទៅខណៈពេលដែលសហរដ្ឋអាមេរិកបានបញ្ជួននាវា ពិឃាតរបស់ខ្លួនធ្វើដំណើរឆ្លងកាត់ច្រកដែនសមុទ្ទចន្លោះកោះតៃវ៉ាន់និងប្រទេសចិន គ្រាដែល ប្រទេសចិនបានបញ្ជាឱ្យកម្លាំងកងទ័ពរបស់ខ្លួនបានតាមដានសកម្មភាពនេះយ៉ាងយកចិត្តទុកដាក់។ នាវាចម្បាំងអាមេរិក USS Milius បំពាក់នូវគ្រាប់មីស៊ីលបានធ្វើដំណើរឆ្លងកាត់ច្រកដ៏ រសើបនេះកាលពីថ្ងៃអាទិត្យបន្ទាប់ពីសមយុទ្ធJoint Sword របស់ចិនទើបបានបញ្ចប់។ កម្លាំងកងនាវាទី៧របស់សហរដ្ឋអាមេរិកបានថ្លែងថាការធ្វើដំណើររបស់នាវាពិឃាតអាមេរិកនោះ គឺ ជាការអនុវត្តតាមទម្លាប់ធម្មតានៃការធ្វើដំណើរលើដែនផ្លូវទឹកអន្តរជាតិ។ មន្ត្រីនាំពាក្យយោធាចិន លោកវរសេនីយ៍ឯក Shi Yi បានថ្លែងថាកងកម្លាំងចិនក្នុងតំបន់នោះ បានស្ថិតក្នុងការ ត្រៀមប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតនិងបានប្តេជ្ញាការពារដែនអធិបតេយ្យនិងបូរណភាពដែនដីចិន, ការពារសន្តិសុខនិងសន្តិភាពក្នុងតំបន់៕