រដ្ឋមន្រ្តីការបរទេសអាមេរិកថា ទីក្រុងវ៉ាស៉ីនតោនអាចជំរុញទំនាក់ទំនងទៅមុខជាមួយចិន ប៉ុន្តែទីក្រុងប៉េកាំងត្រូវបង្ហាញចេញឱ្យច្បាស់ចេតនាខ្លួន (Video inside)
18-04-2023 17:55
(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Anthony Blinken) នៅថ្ងៃអង្គារនេះ បាននិយាយថា សហរដ្ឋអាមេរិកអាចបោះជំហានឆ្ពោះទៅមុខបាន សម្រាប់ទំនាក់ទំនងរបស់ខ្លួនជាមួយចិន ក្រោយជំនួបរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង កាលពីឆ្នាំមុន ប៉ុន្តែវាតម្រូវឱ្យ ទីក្រុងប៉េកាំងបង្ហាញចេញឱ្យច្បាស់នូវចេតនារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។
លោកប្រមុខការទូតអាមេរិក បានធ្វើការអត្ថាធិប្បាយដូចខាងលើ កំលុងសន្និសីទសារព័ត៌មានមួយ ក្នុងថ្ងៃបិទបញ្ចប់នៃកិច្ចប្រជុំក្រុមប្រទេស G7 នៅឯទីក្រុងការូអ៉ិហ្សាវ៉ា (Karuizawa) ប្រទេសជប៉ុន។ លោក ចូ បៃដិន បានជួបលោក ស៉ី ជិនពីង នៅប្រទេសឥណ្ឌូណេស៉ី កាលពីខែវិច្ឆិកា ឆ្នាំមុន សម្រាប់កិច្ចប្រជុំមួយមានរយៈពេល៣ម៉ោង ដែលសំដៅទប់ស្កាត់កុំឱ្យភាពដុនដាប នៃទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ ប្រែក្លាយទៅជាសង្រ្គាមត្រជាក់ថ្មីមួយទៀត។
ដោយឡែក នៅថ្ងៃអង្គារដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពិន (Wang Wenbin) បានលើកឡើងដូច្នេះថា «សហរដ្ឋអាមេរិកបានបង្កើតនិងអនុវត្ត គោលនយោបាយដែលមិនត្រឹមត្រូវនោះឡើយសំដៅមករកចិន ដោយផ្អែកទៅលើការយល់ខុសសុទ្ធសាធអំពីប្រទេសចិន» ហើយលោក វ៉ាង បានទម្លាក់កំហុសទៅលើរឿងនេះ សម្រាប់ភាពតានតឹងបច្ចុប្បន្ននៃចំណងទាក់ទងទ្វេភាគីចិន-អាមេរិក៕