(គូឡាឡាំពួ)៖ ការប្ដេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំពុងប្រឈមនឹងឧបសគ្គ ដែលអាចបង្កហានិភ័យនៃការរង្គោះរង្គើរក្នុងរដ្ឋាភិបាលរបស់លោក ស្របពេលមានការជជែកដេញដោល ថាតើអតីតនាយករដ្ឋមន្ត្រី លោ ណាជីព រ៉ាហ្សាក់ (Najib Razak) គួរតែត្រូវបានដោះលែងពីពន្ធនាគារមុនការប្រារព្ធពិធីបុណ្យ Eid ឬអត់នោះ បានបង្កើតជាបញ្ហាលំបាកសម្រាប់ លោក អាន់វ៉ា។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

លោក ណាជីព អាយុ ៦៩ឆ្នាំ កំពុងជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ពីបទចោទប្រកាន់អំពើពុករលួយនៃមូលនិធិ 1MDB។ ឥឡូវនេះគណបក្ស United Malays National Organisation (UMNO) ដែលមានលោក ណាជីព ជាអតីតប្រធាន ហើយបច្ចុប្បន្នគឺជាដៃគូដ៏ធំបំផុតរបស់ លោក អាន់វ៉ា ក្នុងរដ្ឋាភិបាលចម្រុះនោះ បានបង្កើនសម្ពាធឲ្យមានការលើកលែងទោសចំពោះ លោក ណាជីព។

ទន្ទឹមនឹងនេះ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៉ី ក៏ទើបនឹងបានបើកការស៉ើបអង្កេតលើការចោទប្រកាន់ ពាក់ព័ន្ធការប្រព្រឹត្តខុស​ដោយសមាជិកសភាមួយចំនួន ក្នុងប្លុកនៃរដ្ឋាភិបាលផ្ទាល់ផងដែរ ខណៈថ្មីចុងក្រោយគេ គឺពាក់ព័ន្ធរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស គឺលោក វី ស៉ីវ៉ាគូម៉ារ (V Sivakumar)។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់ដំណែង លោក អាន់វ៉ា ប្តេជ្ញាដោះស្រាយបញ្ហាអំពើពុករលួយក្នុងប្រទេស។ ៥ខែក្រោយមកគណបក្ស UMNO បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យមានការដោះលែង លោក ណាជីព បន្ទាប់ពីអស់មធ្យោបាយប្តឹងឧទ្ធរណ៍នៅក្នុងតុលាការ ហើយបានបរាជ័យក្នុងសំណើនាពេលថ្មីៗនេះ ដែលចង់ឱ្យមានការពិនិត្យឡើងវិញទៅលើការកាត់ទោសរូបលោក៕