(ព្រុចសែល)៖ ប្រមុខសហភាពអឺរ៉ុប (EU) លោកស្រី អួស៊ូឡា វ៉ុនដឺ លីយែន (Ursula von der Leyen) នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យក្រុមមេដឹកនាំអឺរ៉ុប បង្ហាញសាមគ្គីភាពគ្នារឹងមាំចំពោះមុខចិន បន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្កឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុក ជុំវិញទំនាក់ទំនងរបស់ EU ជាមួយទីក្រុងប៉េកាំង កាលពីមួយសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។
លោកប្រធានាធិបតីបារាំង បានទទួលរងព្យុះភ្លៀងនៃការរិះគន់ ក្រោយដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលកំលុងពេលនោះ លោកបានលើកឡើងថា អឺរ៉ុបមិនគួរត្រូវតែដើរតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក ដោយស្វ័យប្រវត្តិឡើយពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ ហើយគួរចៀសវាងឱ្យឆ្ងាយពីវិបត្តិទាំងឡាយណា ដែលមិនមែនជារបស់អឺរ៉ុប។ ការធ្វើអត្ថាធិប្បាយរបស់លោក ម៉ាក្រុង បានបណ្តាលឱ្យមានមតិរិះគន់ធ្ងន់ៗ ពីសំណាក់សម្ព័ន្ធមិត្តរបស់បារាំងមួយចំនួននៅក្នុង EU ជាពិសេសក្រុមប្រទេសនៅតំបន់អឺរ៉ុបខាងកើត ដែលមើលឃើញ អាមេរិកជាអ្នកធានាសន្តិសុខចម្បងរបស់ពួកគេ នៅចំពោះមុខរុស្ស៉ីដែលជាសម្ព័ន្ធមិត្តរបស់ចិន។
លោកស្រី វ៉ុនដឺ លីយេន ដែលបានអមដំណើរលោក ម៉ាក្រុង ទៅកាន់ទីក្រុងប៉េកាំងផងដែរនោះ បានក្រុមសមាជិកសភាអឺរ៉ុបយ៉ាងដូច្នេះថា «គោលនយោបាយចិនដ៏រឹងមាំមួយរបស់អឺរ៉ុប គឺអាស្រ័យទៅលើសាមគ្គីភាពគ្នារឹងមាំរវាងបណ្តារដ្ឋជាសមាជិក ក៏ដូចជារវាងស្ថាប័ននានារបស់ EU ហើយនិងទៅលើឆន្ទៈចៀសវាងយុទ្ធសាស្រ្តដែលសំដៅបង្កភាពប្រេះឆាផ្ទៃក្នុង»។ លោកស្រីបន្តថា «ក្នុងពេលប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍មកនេះ គឺពួកយើងបានប្រទះឃើញការប្រើប្រាស់យុទ្ធសាស្រ្តទាំងនោះរួចស្រេច ហើយឥឡូវវាក៏ដល់ពេលដែលអឺរ៉ុបត្រូវចាប់ផ្តើមធ្វើសកម្មភាពដូចគ្នាដែរ ពោលគឺវាដល់ពេលដែលត្រូវបង្ហាញនូវឆន្ទៈសមូហភាពរបស់យើងហើយ»។
គួរបញ្ជាក់ថា ប្រមុខ EU រូបនេះ នៅតែប្រកាន់ជំហរអំពាវនាវឱ្យសមាជិកទាំង២៧ប្រទេស កាត់បន្ថយភាពពឹងផ្អែករបស់ប្លុកនេះ ទៅលើទីក្រុងប៉េកាំងសម្រាប់ធនធានសំខាន់ៗ ប៉ុន្តែទន្ទឹមគ្នាគឺមិនមែនកាត់ផ្តាច់សេដ្ឋកិច្ចរបស់ខ្លួនទាំងស្រុងពីប្រទេសចិន ដែលមានទីផ្សារដ៏ធំសម្បើមនោះទេ។ ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់វិញនោះ លោកស្រីបាននិយាយថា គោលនយោបាយចិនតែមួយរបស់ EU គឺត្រូវបានប្រកាន់ខ្ជាប់ជាយូរមកហើយ៕