(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) នៅថ្ងៃអង្គារនេះ បានថ្លែងប្រាប់សមភាគីចិនរបស់លោកថា កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ គឺជាកម្លាំងដែលជួយរក្សាស្ថិរភាពលើពិភពលោក និងកាត់បន្ថយលទ្ធភាពនៃការផ្ទុះឡើង​នូវជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

ចិនបានក្លាយជាដៃគូអន្តរជាតិដែលសំខាន់ជាងគេបំផុតរបស់រុស្ស៉ី ក្នុងរយៈពេលប្រមាណ១៤ខែមកនេះ ចាប់តាំងពីទីក្រុងមូស្គូបានសម្រេច​បើកការឈ្លានពានលើអ៊ុយក្រែន។ រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) កំពុងតែស្ថិតនៅទីក្រុងមូស្គូ ស្របពេលដែល​ប្រទេសទាំងពីរ ព្យាយាមធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ កាន់តែស៉ីជម្រៅខ្លាំងថែមទៀត ជាអ្វីដែលបានបង្កឱ្យមានក្តីបារម្ភ នៅក្នុងចំណោម​ក្រុមលោកខាងលិច។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី នៅថ្ងៃអង្គារនេះ លោក សូយហ្គូ បានប្រាប់លោក លី យ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការនៃ​កិច្ចប្រឹងប្រែងរបស់យើង នៅលើឆាកអន្តរជាតិ បានផ្តល់ឥទ្ធិពលដែលជួយរក្សាស្ថិរភាពចំពោះស្ថានការណ៍សកល ហើយក៏បានជួយកាត់​បន្ថយឱកាស នៃការកើតមានឡើងនូវជម្លោះផងដែរ»។ លោក លី បានជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានបំពេញទស្សនកិច្ចមកកាន់ទីក្រុងមូស្គូ កាលពីខែមីនា ដើម្បីបង្ហាញការគាំទ្រចំពោះ​លោក ពូទីន ដែលវាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានប្រកាសចេញដីកាចាប់ខ្លួនប្រឆាំងនឹង​លោកប្រធានាធិបតីរុស្ស៉ី ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋសង្រ្គាមនៅអ៊ុយក្រែន៕