(ប្រាទីស្លាវ៉ា)៖ ក្រសួងការពារជាតិស្លូវ៉ាគីកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ស្លូវ៉ាគីបានប្រគល់យន្តហោះចម្បាំង MiG-29 ទាំង១៣គ្រឿង ឱ្យដល់ដៃអ៊ុយក្រែន តាមពាក្យសន្យាហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

កាលពីថ្ងៃ២៣ ខែមីនា ស្លូវ៉ាគីបានប្រកាសឱ្យដឹងថា យន្តហោះ MiG-29 ចំនួន៤គ្រឿងដំបូង ដែលខ្លួនបានសន្យាផ្តល់ឱ្យទីក្រុងកៀវ គឺបានទៅដល់អ៊ុយក្រែន។ នាពេលនោះ ស្លូវ៉ាគីបាននិយាយថា ប៉ុន្មានគ្រឿងទៀតដែលនៅសល់ នឹងទៅដល់ជាបន្តបន្ទាប់ក្នុងពេល​ប៉ុន្មានសប្តាហ៍ខាងមុខ។ ស្លូវ៉ាគីបានចូលរួមជាមួយប៉ូឡូញ ក្នុងការប្រកាសផ្តល់ យន្តហោះចម្បាំងឱ្យអ៊ុយក្រែន កាលពីខែមីនា។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងការពារជាតិអាល្លឺម៉ង់ បានអនុញ្ញាតសំណើប៉ូឡូញ ស្តីពីការបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន៥គ្រឿងទៅកាន់អ៊ុយក្រែន។ ប៉ូឡូញត្រូវការការយល់ព្រមានពីអាល្លឺម៉ង់ ទើបអាចបញ្ជូនយន្តហោះ MiG-29 របស់ខ្លួន ទៅកាន់​ប្រទេសទី៣បាន ដោយសារទីក្រុងវ៉ាសូវីទទួលបានពួកវាពីទីក្រុងបែរឡាំង កាលពីឆ្នាំ២០០៤៕