(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារនេះបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានផ្ញើលិខិតមួយច្បាប់ទៅកាន់ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយបានបង្ហាញនូវឆន្ទៈរបស់លោក ដើម្បីបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្តឱ្យកាន់តែរឹងមាំថែមទៀត ជាមួយប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។
យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA លោកប្រធានាធិបតីចិន បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក គីម ជុងអ៊ុន ក្នុងលិខិតមួយផ្ញើកាលពីថ្ងៃទី១២ ខែមេសា ដែលជាការឆ្លើយតបចំពោះ សារលិខិតកាលពីខែមុនរបស់លោក គីម ដែលត្រូវបានផ្ញើទៅកាន់ភាគីចិន ដើម្បីអបអរសាទរលោក ស៉ី ជិនពីង ក្នុងឱកាសបន្តជាប់ឆ្នោតជា ប្រធានធិបតីចិនសម្រាប់អាណត្តិទី៣។ នៅក្នុងនោះ លោក ស៉ី បាននិយាយថា ចិននិងកូរ៉េខាងជើង បានបន្តរក្សាក៏ដូចជាអភិវឌ្ឍនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរបស់ខ្លួន ទោះបីជាស្ថានការណ៍សន្តិសុខអន្តរជាតិនិងក្នុងតំបន់ មានការប្រែប្រួលនិងស្មុគស្មាញខ្លាំងយ៉ាងណាក៏ដោយ។
បើតាម KCNA លោក ស៉ី ជិនពីង ក៏បានបង្ហាញឆន្ទៈក្នុងការលើកកម្ពស់ចំណងទ្វេភាគី ឱ្យកាន់តែខ្ពស់មួយកម្រិតទៀតផងដែរ តាមរយៈការពង្រឹងការធ្វើប្រាស្រ័យទាក់ទង លក្ខណៈយុទ្ធសាស្រ្តរវាងគ្នានិងគ្នា ហើយរួមគ្នាដឹកនាំការអភិវឌ្ឍនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងព្យុងយ៉ាង ជាមួយលោក គីម ជុងអ៊ុន។ លោក គីម បានផ្ញើលិខិតមួយច្បាប់ ដើម្បីបង្ហាញការអបអរដល់លោក ស៉ី កាលពីថ្ងៃទី១០ ខែមីនា ជាថ្ងៃដែលលោក ស៉ី ជាប់ឆ្នោតអាណត្តិទី៣ ក្នុងនាមជាប្រធានាធិបតីចិន ដែលមិនធ្លាប់មានឡើយ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបាននិងកំពុងខំប្រឹងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយចិន ដែលជាសម្ព័ន្ធមិត្តនិងជាខ្នងបង្អែកផ្នែកសេដ្ឋកិច្ច តាំងតែពីដើមមករបស់ទីក្រុងព្យុងយ៉ាង នៅចំពោះមុខការដាក់ទណ្ឌកម្មរបស់អន្តរជាតិ ជុំវិញកម្មវិធីមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់ប្រទេសឯកោមួយនេះ បូករួមជាមួយការកើនឡើងនៃភាពតឹងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕