(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានចុះទស្សនកិច្ចនៅទីស្នាក់ការយោធា​របស់រុស្ស៉ីប្រចាំនៅឯតំបន់ខឺសុន (Kherson) និងនៅតំបន់លូហាន (Luhansk) របស់អ៊ុយក្រែន ដែលមួយភាគធំស្ថិតនៅក្រោមការ​គ្រប់គ្រប់របស់កងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

នៅតំបន់ខឺសុន លោក ពូទីន បានចូលរួមកិច្ចប្រជុំមួយរវាងក្រុមមេបញ្ជាការយោធារុស្ស៉ី ដើម្បីទទួលស្តាប់របាយការណ៍ ស្តីពីស្ថានការណ៍​ក្នុងតំបន់ខឺសុនផ្ទាល់ ក៏ដូចជាស្ថានការណ៍នៅតំបន់ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporizhzhia)។ កងទ័ពរុស្ស៉ីបានដកចេញពីទីក្រុងខឺសុន ដែល​ជារដ្ឋធានីនៃតំបន់ខឺសុន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយបច្ចុប្បន្នកំពុងតែខំប្រឹងពង្រឹងទីតាំងរបស់ពួកគេ នៅឯច្រាំងម្ខាងទៀតនៃទន្លេ ឌីនីប្រូ (Dnipro) ដើម្បីត្រៀមសម្រាប់ការបើកប្រតិបត្តិការវាយបកថ្មីទៀតរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា យោងតាមវិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្ស៉ី ក៏បានចុះទស្សនកិច្ចនៅទីស្នាក់ការយោធារុស្ស៉ី ប្រចាំនៅតំបន់លូហាន ផងដែរ។ យ៉ាងណាមិញ មិនមានការបង្ហើបឱ្យដឹងថា តើលោក ពូទីន បានធ្វើការចុះទស្សនកិច្ចទាំងនេះ កាលពីពេលណាឡើយ។ កាលពី​ខែមីនាកន្លងទៅ លោក ពូទីន បានធ្វើទស្សនកិច្ចភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុងម៉ារីយ៉ូប៉ូឡ (Mariupol) នៃតំបន់ដូណេត (Donetsk) របស់អ៊ុយក្រែន បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសចេញដីកាចាប់ខ្លួនរូបលោក។ តំបន់ដូណេត លូហាន ខឺសុន និងហ្សាប៉ូរិចហ្ស៉ីយ៉ា ដែលសុទ្ធតែស្ថិតក្រោមការត្រួតត្រាកាន់កាប់ដោយផ្នែកនៃកងកម្លាំងរុស្ស៉ី គឺត្រូវបានរុស្ស៉ីប្រកាសកាត់បញ្ចូលជា​ឧបសម្ព័ន្ធរបស់ខ្លួន កាលពីឆ្នាំមុន ខណៈវាជាទង្វើដែលទទួលរងការរិះគន់យ៉ាងចាស់ដៃ និងពុំមានការទទួលស្គាល់ពីអន្តរជាតិឡើយ៕