(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជូនដំណឹងដល់សភាជាតិអំពីផែនការលក់គ្រឿងអេឡិចត្រូនិចថ្មីៗ សម្រាប់បំពាក់លើក្រុមយន្តហោះចម្បាំង F-16 របស់ប្រទេសតួកគី ក្នុងកិច្ចព្រមព្រៀងមួយ ដែលអាចមានតម្លៃដល់២៥៩លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

គម្រោងលក់បរិក្ខារសម្រាប់ធ្វើទំនើបកម្ម យន្តហោះចម្បាំង F-16 របស់តួកគីខាងលើនេះ កើតមានឡើងបន្ទាប់ពីទីក្រុងអង់ការ៉ា ទីបំផុត​បានសម្រេចផ្តល់សច្ចាប័ន ដល់ពាក្យស្នើចូលជាសមាជិកអង្គការណាតូ (NATO) របស់ហ្វាំងឡង់។ យ៉ាងណាក្តី វាដាច់ដោយឡែកពី​ការសុំទិញយន្តហោះចម្បាំង F-16 ថ្មីៗ ៤៩គ្រឿង រួមជាមួយសម្ភារសម្រាប់ធ្វើទំនើបកម្មប្រមាណជិត ៨០ឈុត ដែលតួកគីបានស្នើកាលពីខែតុលា ឆ្នាំ២០២១ និងមានតម្លៃរហូតដល់២០ពាន់លានដុល្លារ។

គួរបញ្ជាក់ថា សំណើសុំទិញយន្តហោះចម្បាំង F-16 របស់តួកគីនោះ មកទល់បច្ចុប្បន្ន គឺសភាអាមេរិកមិនទាន់បង្ហាញសញ្ញាថា នឹងអាចផ្តល់ភ្លើងបៃតងនៅឡើយទេ ដ្បិតក្រុមសមាជិកសភាអាមេរិក កំពុងបន្តព្យាយាមស្វែងរកការធានាពីទីក្រុងអង់ការ៉ា ជុំវិញបញ្ហាមួយចំនួនផ្សេងទៀត រួមមានដូចជាការបន្ធូរបន្ថយភាពតានតឹងជាមួយក្រិក, ការឈប់ធ្វើប្រតិបត្តិការយោធាឈ្លានពានចូល​ភាគខាងជើងស៉ីរី ហើយនិងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី៕